ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ មានមុខមានមាត់ ស្មើគ្នា ជាមួយនឹងប្រជាពលរដ្ឋ ដែលជាម្ចាស់ប្រទេស មានសិទ្ធិសេរីភាព យ៉ាងពេញលេញ ពិសេសសិទ្ធិសេរីភាព ខាងការគោរពសាសនា និងសិទ្ធិកាន់កាប់ដីធ្លីជាដើម នេះបានកើតចេញពីការប្រកាសទទួលស្គាល់ជាផ្លូវការរបស់ព្រះបរមរតនកោដិ សម្តេចព្រះនរោត្តមសីហនុ នាឆ្នាំ១៩៥៣ គឺ១ឆ្នាំក្រោយពីកម្ពុជា ទទួលបានឯករាជ្យទាំងស្រុង ពីប្រទេសបារាំងថា ពលរដ្ឋ ដែលមានដើមកំណើតជាចាម ត្រូវបានហៅថាជាខ្មែរឥស្លាម ហើយ ទទួលបានការយកចិត្តទុកដាក់ពីសង្គមច្រើនឡើងៗ ដែលនេះជាមោទនភាពខ្លាំងណាស់ សម្រាប់ពលរដ្ឋខ្មែរឥស្លាមនៅកម្ពុជា ហើយអ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះ គឺរាជរដ្ឋាភិបាលកម្ពុជាក្នុងសម័យថ្មីក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពលរដ្ឋខ្មែរឥស្លាម កាន់តែទទួលបានការយកចិត្តទុកដាក់ទ្វេដង យើងមានសេរីភាពខាង ជំនឿសាសនា យ៉ាងទូលំទូលាយបំផុត ។
នេះជាការបញ្ជាក់ឲ្យដឹងពីលោក អូស្មាន ហាស្សាន់ ប្រតិភូមិអបនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការក្រសួងការងារ ក្នុងពិធីជួបជុំធ្វើបុណ្យហាជ្ជី របស់សាសនាឥស្លាមនៅវិហារគីឡូ ម៉ែត្រលេខ៩ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញកាលពីព្រឹកព្រហាមថ្ងៃទី២៤ ខែកញ្ញានេះ។
លោកអូស្មាន ស្សាន់ បានបញ្ជាក់ថា៖ យើងទទួលបានការយកចិត្ត ទុកដាក់ពីថ្នាក់ដឹកនាំ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា នេះក៏ដោយសារតែបងប្អូនខ្មែរឥស្លាម មិនដែលបានបង្កផលរមាស់អ្វីទាល់តែសោះ ទៅដល់សង្គមជាតិ ។ ពលរដ្ឋខ្មែរឥស្លាមពិតជាបានគោរពតាមច្បាប់របស់ប្រទេស ហើយសកម្មចូលរួមក្នុងការកសាងជាតិ។ ទាក់ទិនទៅនឹងបុណ្យហាជ្ជីរបស់សាសនាឥស្លាម ។
លោកបានបញ្ជាក់ថា៖ នេះគឺជាពិធីបុណ្យ ដ៏ធំប្រចាំឆ្នាំ ជាកាតព្វកិច្ចទី៥ របស់អ្នកកាន់សាសនាឥស្លាម នៅជុំវិញពិភពលោក ហើយថា ពិធីបុណ្យនេះត្រូវបានសាសនិកឥស្លាម មកពីជុំវិញពិភពលោក បានមកជួបជុំគ្នានៅទីក្រុង ម៉ាកាស ប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលជាទឹកដីដ៏ពិសិដ្ឋ ធ្វើបុណ្យនេះជុំគ្នាក្នុងនោះក៏មាន ពលរដ្ឋខ្មែរឥស្លាម ទៅចូលរួមផងដែរ ដែលឆ្នាំនេះ បានកើនឡើងរហូតទៅដល់៦៨២នាក់ ក្នុងគម្រោងចំនួន១.២០០នាក់ ៕
ដោយ៖ សំរិត