ខេត្តពោធិ៍សាត់ ៖ ផ្ទះសម្បែងប្រជាពលរដ្ឋទាំងតូចទាំងធំចំនួន ៤២ខ្នង របើកដំបូល, ជញ្ជាំង និងដួលរាបដល់ដី និងបានរងរបួសស្រ្តីចំនួន ១នាក់ផងដែរ ព្រមទាំងសម្ភារផ្សេងៗថែមទៀតផង ដោយសារភ្លៀងធ្លាក់កក់ខែមួយមេលាយឡំដោយខ្យល់ កន្រ្តាក់ ផ្គរ រន្ទះ។
ហេតុការណ៍ខាងលើបានកើតឡើងជាបន្តបន្ទាប់គ្នានារសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នៅភូមិកណ្ដាល ឃុំប្រម៉ោយ ស្រុកវាលវែង ភូមិទួលអណ្ដែត ឃុំស្វាយស ស្រុកក្រគរ និងភូមិកញ្ជរ ភូមិបឹងក្រាញ់ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា នៅភូមិកណ្ដាល ឃុំប្រម៉ោយ ស្រុកវាលវែង លំនៅដ្ឋានប្រជាជនចំនួន ១០ខ្នង រងការរបើកដំបូល, ជញ្ជាំង និងដូលរលំរាបដល់ដី និងខូចខាតសម្ភារមួយចំនួនផងដែរ។
ប្រភពខាងលើបន្តថា នៅភូមិទួលអណ្ដែត ឃុំស្វាយស ស្រុកក្រគរ លំនៅឋានប្រជាជនចំនួន ២ខ្នង បានដួលរលំ រួមទាំងសម្ភារ និងរងរបួសស្រ្តីម្នាក់ផងដែរ។
ប្រភពដដែលខាងលើបន្តទៀតថា ដោយឡែកនៅភូមិបឹងក្រាញ់ និងភូមិកញ្ជរ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ៣០ខ្នងទៀត បានរងការខូចខាតដូចគ្នា រួមទាំងសម្ភារផងនោះ។
ប្រភពដដែលខាងលើបញ្ជាក់បន្ថែមបន្តថា ដើមឆ្នាំនេះ ខ្យល់កន្រ្តាក់កាចសាហាវ គ្រាន់តែភ្លៀងកក់ខែប៉ុណ្ណោះផ្ទះសម្បែងពលរដ្ឋរងការខូចខាតបែបនេះ រួមទាំងសម្ភារផ្សេងៗ ព្រមទាំងរងរបួសមនុស្សថែមទៀត ដូច្នេះមានតែបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នជានិច្ចប៉ុណ្ណោះ ចំពោះបញ្ហាខាងលើអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន គ្រប់ជាន់ថា្នក់កំពុងញាប់ដៃញាប់ជើងចាត់ចែង៕ ប៉ឹម ពិន