នៅថ្ងៃទី២៥ខែមេសា មន្ត្រីទទួលបន្ទុកកិច្ចពិភាក្សាស្តីពីកម្មវិធីបរមាណូរបស់កូរ៉េខាងជើង អាមេរិក ជប៉ុននិងកូរ៉េខាងត្បូងបានជួបពិភាក្សាគ្នានៅទីក្រុងតូក្យូប្រទេសជប៉ុន លើបញ្ហា អាវុធ នៅកូរ៉េខាងជើង។
សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា ជំនួបពិភាក្សាត្រីភាគីស្តីពីកម្មវិធីបរមាណូកូរ៉េខាងជើងនេះ ធ្វើ ឡើងក្នុងពេលដែលកូរ៉េខាងជើង ត្រៀម លក្ខណៈសាកល្បងគ្រាប់បែកបរមាណូជាលើកទី៦ ក្នុងឱកាសខួបគម្រប់ ៨៥ឆ្នាំថ្ងៃ បង្កើត កម្លាំងទាហានកូរ៉េខាងជើង ថ្ងៃទី២៥ ខែមេសា ។
ក្រៅពីពិភាក្សាស្តីអំពីការដាក់ទណ្ឌកម្មកូរ៉េខាងជើង ប្រទេសទាំង៣ក៏បានស្នើ ដល់ប្រទេសចិនឲ្យមានសកម្មភាពរារាំង កូរ៉េខាងជើង កុំឲ្យបន្តកម្មវិធីបរមាណូ និងស្វែងរកដំណោះស្រាយបញ្ចប់តែម្តង ។
ប្រទេសទាំង៣ ក៏បានលើកឡើងពី កិច្ចពិភាក្សាជាមួយកូរ៉េខាងជើង ប្រសិនបើ ទីក្រុងព្យុងយ៉ាង បញ្ចប់ការឌឺដងក្នុងកម្មវិធីបរមាណូរបស់ខ្លួន។
កន្លងមក នៅថ្ងៃទី២៤ខែមេសា នាយក រដ្ឋមន្ត្រីជប៉ុន លោកស៊ីន ហ្ស៊ូ អាបេ និង ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បាន ឯកភាពគ្នា នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទ ក្នុងការទប់ទល់ជាមួយកូរ៉េខាងជើង ដោយ ប្រទេសទាំងពីរត្រូវបង្កើនការ តាមដាន សកម្មភាពរបស់កូរ៉េខាងជើង ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ នៅព្រឹកថ្ងៃអង្គារនេះ កូរ៉េខាងជើង បានចាប់ផ្ដើមធ្វើសមយុទ្ធ យោធា ដែលទំនងជាសមយុទ្ធ មានទ្រង់ ទ្រាយធំបំផុត ដើម្បីប្រារព្ធព្រឹត្តិការណ៍ ខួបលើកទី៨៥ នៃថ្ងៃបង្កើតកងកម្លាំង យោធា របស់ខ្លួន ប៉ុន្ដែគេនៅមិនទាន់ឃើញពីសកម្មភាពមិនប្រក្រតីណាមួយ ដែលឈានដល់ការធ្វើតេស្ដនុយក្លេអ៊ែរ ឬក៏ មីស៊ីលផ្លោងឆ្លងទ្វីប នោះទេ នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៧។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀត ថា ប្រទេសកម្មុយនិស្ដកូរ៉េខាងជើង បានចាប់ផ្ដើមធ្វើសមយុទ្ធយោធា នៅជុំវិញ ទីក្រុងកំពង់ផែវូសាន តំបន់ភាគខាងកើត ប្រទេស ហើយមេដឹកនាំផ្ដាច់ការ របស់ របបមួយនេះ លោក គីម ជុងអ៊ុន ក៏មាន វត្តមានចូលរួម ក្នុងព្រឹតិ្តការណ៍នេះដែរ ស្របពេលដែលនាវាមុជទឹក ដំណើរការ ដោយថាមពលនុយក្លេអ៊ែរ របស់សហរដ្ឋ អាមេរិក បានចូលចត នៅក្នុងប្រទេសកូរ៉េ ខាងត្បូង ត្រៀមទទួលវត្តមាននាវាផ្ទុកយន្ដហោះចម្បាំង បំពាក់អាវុធនុយក្លេអ៊ែរ ដែល នឹងមកដល់ក្នុងពេលឆាប់ៗនេះ៕
ប្រែសម្រួល៖ ម៉ែវ សាធី