ខេត្តបន្ទាយមានជ័យ៖ យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ របស់ជនរងគ្រោះឈ្មោះ ណ ស ទ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅបន្ទប់ជួល ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្ដឹងចោទប្រកាន់ទៅលើឈ្មោះ ខុន ផាណែត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពីបទរំលោភសេពសន្ថវៈលើរូបនាងបានសម្រេច១លើក ដែលប្រព្រឹត្តកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ក្នុងពេលជនសង្ស័យមកលេងនៅបន្ទប់របស់នាង។
ក្រោយពីទទួលបានពាក្យបណ្ដឹងហើយនោះលោវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានដឹកនាំកម្លាំងចុះឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង៣និង៥០នាទី រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិព្រែកល្ពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ក្រោយពីឃាត់ខ្លួនបានហើយនោះ ជនសង្ស័យត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីសាកសួរ។
លោកវរសេនីយ៍ឯក បោន ប៊ិន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបទល្មើសជួញដូរមនុស្សបានឲ្យដឹងថា បើតាមការសួរចម្លើយ ជនសង្ស័យឈ្មោះខុន ផាណែត បានឆ្លើយសារភាពថា រូបគេពិតជាបានចាប់បង្ខំនារីឈ្មោះណ.ស.ទ រួមភេទរហូតបានសម្រេច១ដងពិតប្រាកដមែន ដោយខ្លួនជាសង្សារនឹងគ្នាយូរមកហើយ ហើយពេលដែលខ្លួនប្រព្រឹត្តនោះក្នុងពេលស្រវឹងស្រា ។
លោក បន្ថែមទៀតថា ក្រោយពីបញ្ចប់ការស៊ើបអង្កេតឃើញថា ចម្លើយសារភាពរបស់ជនសង្ស័យ និងផ្អែកលើពាក្យបណ្ដឹងរបស់នារីរងគ្រោះ គឺបង្ហាញពីតម្រុយនៃបទល្មើសជាក់លាក់ បច្ចុប្បន្នកម្លាំងអាវុធហត្ថជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕ សំ វិច្ឆិកា