ខេត្តពោធិ៍សាត់៖ សាកសពបុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញក្នុងរោងខាងមុខផ្ទះ បង្កការភ្ញាក់ផ្អើលខណៈស្មានថាជាករណីឃាតកម្ម ការពិតត្រូវបានគេសង្ស័យជំងឺខ្យល់គរ ព្រោះគេឃើញគាត់ផឹកស្រាស្រវឹងខ្លាំងមុនកើតហេតុ។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចអន្សស្តំក្នុងរោងមុខផ្ទះ ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៅ ឃៀន ភេទប្រុស អាយុ ៦១ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្នរស់នៅចំណែក និងភូមិ-ឃុំកើតហេតុខាងលើ មានប្រពន្ធ និងកូនស្រីប្រុសចំនួន៣នាក់។
ប្រភពខាងលើបន្តថា មុនដំបូងបង្កការភ្ញាក់ផ្អើលឡើងស្មានជាករណីឃាតកម្ម ខណៈឃើញគាត់ដេកនៅរោងមុខផ្ទះតែម្នាក់ឯង ក្រោយសមត្ថកិច្ចធ្វើការពិនិត្យ និងស្រាវជ្រាវយ៉ាងមកចិត្តដាក់ ជុំវិញកន្លែងកើតហេតុការណ៍នានាខាងលើ ហើយមិនឃើញមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធ និងករណីឃាតកម្មទើបអាចសន្និដ្ឋានបានថាបណ្ដាលមកពីជំងឺខ្យល់គរ(គាំបេះដួង) ព្រោះម្យ៉ាងទៀតគាត់ជាអ្នកចូលចិត្តស្រាជាប្រចាំផងនោះ ហើយមុនពេលកើតហេតុរឿងនេះគេឃើញគាត់ផឹកស្រាច្រើនលើសមុនៗទៀត។
ប្រភពដដែលខាងលើបន្តទៀតថា សមត្ថកិច្ចនគរបាលបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្របៃណីតាមបញ្ជាលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត៕ បឹុម ពិន
...