ភ្នំពេញ៖ ការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ក៏ដូចជាផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវទៅលើបទល្មើសផ្សេងៗដូចជាករណីលួច គាស់ផ្ទះ ឆក់ ប្លន់ ជាពិសេសបញ្ហាគ្រឿងញៀនបានធ្វើស្ទើតែរៀងរាល់ថ្ងៃ ហើយជនដែលប្រព្រឹត្តិ(អ្នកជួញដូរ) ក៏ដូចជាទិញយកទៅប្រើប្រាស់ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ រួចក៏សាងសំណុំបែបបទបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញអនុវត្តទៅតាមផ្លូវច្បាប់។ ប៉ុន្តែជនខ្លះត្រូវបានបញ្ជូនទៅមន្ទីរកែប្រែអប់រំ និងបន្សាបគ្រឿងញៀនដើម្បីឲ្យពួកគេវិលត្រឡប់មកវិញគេចវេសពីគ្រឿងញៀនទាំងនោះ ព្រោះវាគ្មានផលប្រយោជន៍អ្វីដល់ខ្លួន និងសង្គមគ្រួសារឡើយ។
ការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចមិនថានៅតែខណ្ឌឫស្សីមួយប៉ុណ្ណោះទេ តាមបណ្តាខណ្ឌទាំង១២ ការិយាល័យជំនាញ ក៏ដូចនៅតាមបណ្តារាជធានីខេត្តក្រុងទាំង២៥ផងដែរ តែគេសង្កេតឃើញថា ការបង្ក្រាបទាំងនោះបានតែទៅលើជនតូចតាចប៉ុណ្ណោះសម្រាប់មេក្លោងធំៗមិនដែលឃើញបង្ក្រាបបាននោះឡើយ។
ជាក់ស្តែងនៅវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ កម្លាំងនគរបាលប៉ុស្តិ៍ឫស្សីកែវបានឃាត់ខ្លួនបុរស២នាក់រួមជាមួយថ្នាំញៀនប្រភេទក្រាមពណ៌ស១ថង់ធំ និងម៉ូតូ១គ្រឿងម៉ាក អុិចអ៊ែរ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FG-2507 ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះបានឃាត់ខ្លួននៅចំណុចក្រុម៤ ភូមិឃ្លាំងសាំង តាមបណ្តោយផ្លូវជាតិលេខ៥ លើសួនច្បារមុខទីតាំងស្តុបប្រេងសាំងស៊ូគីមុិច។
សមត្ថកិច្ចបន្តទៀតថា ជនសង្ស័យទាំង២នាក់ដែលត្រូវបានឃាត់ខ្លួនទី១.ឈ្មោះ ស៊ុន សារ៉ាត់ ភេទប្រុស អាយុ២៥ឆ្នាំ ហៅបារាំង មានទីលំនៅផ្ទះជួល ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ទី២.ឈ្មោះ វ៉ា សម្បត្តិ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅផ្ទះលេខ១០៨ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
មន្រ្តីដដែលបានបន្ថែមថា ក្រោមការឃាត់ខ្លួនកម្លាំងយើងដកហូតបានថ្នាំញៀនប្រភេទក្រាមពណ៌សថ្លា និងម៉ូតូអុិចអ៊ែរ ហើយជនទាំង២នាក់នោះត្រូវបាននគរបាលប៉ុស្តិ៍ក៏សាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕ អរុណរះ