ភ្នំពេញ៖ ក្រោយពីទទួលដំណឹងពីស្ថានភាពជំងឺរបស់តារាសម្តែង និងកំប្លែងស៊ូ សាវ៉ាង ហៅ តាហ្វុយដែលត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នោះ សិល្បករនិងអភិបាលខណ្ឌមានជ័យបានធ្វើដំណើរទៅសាកសួរសុខទុក្ខនិងផ្តល់កម្លាំងចិត្តផ្ទាល់ដល់មន្ទីរពេទ្យ។ ការសាកសួរសុខទក្ខនេះត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ នៅមន្ទីរពេទ្យកាល់ម៉ែត។
សប្បុរសជនមួយចំនួន បានទៅសួរសុខទុក្ខ ភ្លាមៗនេះមានវត្តមានរបស់លោក ពេជ្រ កែវ មុនី អភិបាលខណ្ឌមានជ័យ , អតីតតារាកំប្លែងលោក ទុំ សារ៉ុត ហៅនាយឃ្លោក អគ្គនាយកក្រុមហ៊ុនអីវ៉ូ , លោក អ៊ឹម ជីវ៉ា និងលោក ប៊ី លីហួរ ជាដើម ។ សប្បុរសជនទាំងអស់បានធ្វើការសាកសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់តាហ្វុយសូ និងក្រុមគ្រួសារឲ្យតស៊ូជាមួយនឹងក្តីសង្ឃឹមក្នុងជីវិត។ ជាមួយគ្នានេះអ្នកទាំងអស់គ្នាក៏បានស្នើឲ្យសប្បុរសជនមេត្តាបន្តជួយឧបត្ថម្ភ និងលើកទឹកចិត្តដល់លោកតាហ្វុយសូ និងក្រុមគ្រួសារ ព្រោះតែលោកតាហ្វុយសូមានបន្ទុកធ្ងន់ដោយត្រូវទំនុកបម្រុងក្មេងកំព្រាជិត២០នាក់ដែលត្រូវសិក្សារៀនសូត្រ និងទទួលទានអាហារប្រចាំថ្ងៃ។ ក្នុងការចុះសួរសុខទុក្ខនោះ លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យបានឧបត្ថម្ភចំនួន ២០០ដុល្លារអាមេរិក ។ លោកឧកញ្ញ៉ា ទុំ សារុត ហៅនាយឃ្លោក អគ្គនាយកក្រុមហ៊ុន អ៊ីវ៉ូ អាហារបំប៉នសុខភាពបានឧបត្ថម្ភចំនួន១០០ដុល្លារអាមេរិក ។
គួរបញ្ជាក់ដែរថា តារាសម្តែង និងកំប្លែងជើងចាស់ស៊ូ សាវ៉ាង ហៅតាហ៊្វុយសូ មានវ័យ៧៤ឆ្នាំ ដែលមានជំងឺថ្លើមនោះបានធ្លាក់ខ្លួនឈឺធ្ងន់រហូតត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗកាលពីថ្ងៃទី២៦ ខែមេសានេះ។ ទោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដែលក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យកាល់ម៉ែតពិបាកនឹងជួយសង្គ្រោះក្តីក៏ក្រុមគ្រួសារនៅតែមិនអស់ចិត្តនិងមានបំណងបញ្ជូនទៅសង្គ្រោះនៅប្រទេសជិតខាងប៉ុន្តែគ្មានលទ្ធភាព។ អ្វីដែលកាន់តែមានការព្រួយបារម្ភគឺនៅមានក្មេងកំព្រាប្រមាណ១៦នាក់ផ្សេងទៀតដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកតាហ្វុយសូ ក្នុងអង្គការN.A.C.A ។ ក្រុមគ្រួសាររបស់លោកតាហ្វុយសូ ក៏ស្នើឲ្យមហាជនដែលបានដឹងអំពីវិធីសាស្ត្រនៃការព្យាបាលជំងឺនេះមេត្តាជួយផ្តល់ដំណឹងតាមរយៈលេខទូរស័ព្ទ016622200 និងលេខ011622211៕ វឌ្ឍនា