ភ្នំពេញ៖ ចាប់ពីថ្ងៃនេះតទៅការដោះស្រាយនៅតំបន់បឹងកក់ត្រូវបានបញ្ចប់ហើយ ស្របពេលដែលប្រជាពលរដ្ឋ៧គ្រួសារមិនព្រមទទួលយកនៅឡើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋបាលរាជធានីភ្នំពេញបានទុកដីឡូត៍ជូនពូកគាត់ហើយ ។ នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញក្នុងសន្និសីទសារព័ត៌មាន នៃដំណើរការដោះស្រាយជូនប្រជាពលរដ្ឋរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍តំបន់បឹងកក់កាលពីរសៀលថ្ងៃទី២៧ មេសានេះ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអ្នកព័ត៌មានជាតិនិងអន្តរជាតិជាច្រើននាក់។
លោក ឃួង ស្រេង បានលើកឡើងថា ចាប់ពីថ្ងៃនេះតទៅការដោះស្រាយនៅតំបន់បឹងកក់ត្រូវបានបញ្ចប់ហើយ បើទោះបីប្រជាពលរដ្ឋ៧គ្រួសារមិនទាន់យល់ព្រមទទួលយកក៏ដោយ ប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋបាលរាជធានីភ្នំពេញបានទុកដីឡូត៍ជូនពូកគាត់ហើយ ។ លោកថា ក្នុង៧គ្រួសារនេះមានគ្រួសារមួយនោះទាមទារដីនៅក្នុងតំបន់បឹងកក់នេះទំហំ៤ម៉ែត្រគុណនិង១៨ម៉ែត្រ រហូតទៅដល់២០ឡូត៍ រដ្ឋបាលរាជធានីសម្រេចឲ្យ៤ឡូត៏ គ្រួសារមួយទៅទៀតទៀមទា១០ឡូត៏ រដ្ឋបាលរាជធានីសម្រេចអោយ២ឡូត៏ ទៀមទា៧ឡូត៏ រដ្ឋបាលរាជធានីសម្រេចអោយ២ឡូត៍ និង៤គ្រួសារទៀត រដ្ឋបាលរាជធានីសម្រេចអោយ២ឡូត៍ដូចគ្នា។
លោកឃួង ស្រេង ក៏បានលើកឡើងពីប្រវត្តិនៅតំបន់បឹងកក់ ដោយលោកបញ្ជាក់ថា បឹងកក់ជាបឹងរបស់រដ្ឋ ហើយត្រូវបានប្រជាពលរដ្ឋរំលោភយកជាបន្តបន្ទាប់ក្នុងអំឡុងឆ្នាំ១៩៩២-១៩៩៣ កន្លងមក។ ក្រោយមកប្រជាពលរដ្ឋបានមករស់នៅក្នុងតំបន់នេះមានរហូតដល់ជាង៤០០០គ្រួសារ ដែលធ្វើឲ្យតំបន់នេះក្លាយជាតំបន់មិនរៀបរយ មានជួញដូរ សេពគ្រឿងញៀន និងបរិស្ថានមិនល្អផងដែរ ។ ដោយមានបញ្ហាប្រឈមនេះទើបរាជរដ្ឋាភិបាលសម្រេចឲ្យក្រុមហ៊ុនឯកជនធ្វើការវិនិយោគ និងបានធ្វើឲ្យមានផលប៉ះពាល់ឈានដល់មានការដោះស្រាយ ក្នុងនោះមានប្រជាពលរដ្ឋ ប្រមាណ៤០០០គ្រួសារបានស្ម័គ្រចិត្តចាកចេញដោយទទួលយកការដោះស្រាយសំណងពីក្រុមហ៊ុន និងមួយចំនួនទៀតមិនព្រមទទួលយកនិងនទាមទារឲ្យអភិវឌ្ឍន៍នៅហ្នឹងកន្លែង ។ ការទាមទារនេះទើបរាជរដ្ឋាភិបាលសម្រេចកាត់ដីទំហំ១២,៤៤ហិកតា ក្នុងចំនួនដីសរុបចំនួន១៣៣ហិកតា ឲ្យទៅប្រជាពលរដ្ឋនៅតំបន់បឹងកក់ ។
លោកក៏បានបញ្ជាក់ផងដែរថា មកដល់ពេលនេះការដោះស្រាយនៅតំបន់បឹងកក់នៅសល់តែ៧គ្រួសារប៉ុណ្ណោះ ស្របពេលដែលប្រជាពលរដ្ឋចំនួន៧៤គ្រួសារបានទទួលយកដីមួយគ្រួសារ១ឡូត៍ទំហំ៤ម៉ែត្រគុណនិង១៨ម៉ែត្ររួចហើយ ។ ចំពោះមូលហេតុដែលដោះស្រាយជាមួយប្រជាពលរដ្ឋ៧គ្រួសារមិនត្រូវរ៉ូវគ្នានេះ ត្រូវបានលោក ឃួង ស្រេង បញ្ជាក់ថា ផ្តើមចេញពីប្រជាពលរដ្ឋទាមទារទៅតាមចិត្តរបស់គាត់ចង់បាន ស្របពេលដែលការដោះស្រាយរបស់រដ្ឋបាលរាជធានីភ្នំពេញទៅតាមគោលនយោបាយសិទ្ធិលំនៅដ្ឋាន៕ សំរិត
...