ខេត្តតាកែវ៖ រថយន្តដឹកស្ករសធុនធំមួយគ្រឿង បានបើកធ្លាក់ស្រែក្រឡាប់ធ្លាក់ផ្លូវផ្ងារជើងដោយខ្លួនឯង ចាក់ចោលស្ករសពេញទឹក ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១០ និង ៣០ នាទីព្រឹក ថ្ងៃទី ១ ខែឧសភា ឆ្នាំ២០១៧ នៅលើផ្លូវលំលេខ129B ត្រង់ចំណុចខាងលិចភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ។
យោងតាមរបាយការប៉ុស្តិ៍នរដ្ឋបាលបូរីជលសារ បានឲ្យដឹងថា រថយន្តខាងលើ ពាក់ស្លាកលេខ 2A-1116 ផ្ទុកទៅដោយស្ករសពេញចំនួន ២៧ តោន បើកបរដោយបុរសម្នាក់ឈ្មោះ សុខ ខាន់ អាយុ ២៥ ឆ្នាំ រស់នៅភូមិអង្គឡឹក ឃុំសំបូរ ស្រុកសំរ៉ោងទង ខេត្តកំពង់ស្ពឺ រងរបួសស្រាល ។
បើតាមប្រភពពីប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿងផ្ទុកដោយស្ករសពេញ បានបើកបរមកពីទិសខាងលិច គោលដៅយកទំនិញទៅទម្លាក់នៅកំពង់ផែ កំពង់អំពិល លក់ទៅឲ្យឈ្មួញវៀតណាម តែមិនទាន់ដល់គោលដៅផង ក៏ជួបហេតុការណ៍នេះតែម្តងទៅ ។
ក្រោយកើតហេតុ តៃកុងរថយន្តបានទំនាក់ទំនងទៅថៅកែ និងបានហៅគ្នីគ្នាមកជួយប្រមូលបាវស្ករសទុកលើថ្នល់ សាងដាក់រថយន្តផ្សេងដឹកបន្ត និងបានស្ទូចយករថយន្តដែលរងគ្រោះនោះទៅជួសជុលដោយខ្លួនឯង ៕ ភ្នំដា