ខេត្តកំពង់ស្ពឺ៖ ឈើប្រណីតប្រភេទធ្នង់ជាច្រើនដុំ ត្រូវបានសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាបបាន បន្ទាប់ពីឈ្មួញបានចូលទីកាប់នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយបម្រុងដឹកចេញទៅលក់បន្ត ។
ការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១ ខែឩសភា ឆ្នាំ២០១៧ នៅចំណុចអូរដំណាក់ផ្ចឹក ស្ថិតក្នុងភូមិស្រែកិន ឃុំត្រពាំងជោស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ទោប៑ុត ប៑ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់បានឲ្យដឹងថា ក្រោមបញ្ជារបស់លោកឱត្តមសេនីយ៍ត្រីសម សាមួន ស្នងការនគរបាលខេត្ត រូបលោកបានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ចំនួន៧នាក់ កំលាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចំនួន៣នាក់ បានសហការរួមគ្នាបង្រ្កាបឈេីប្រណីតប្រភេទធ្នង់ចំនួន៤១កំណាត់ ដែលជារបស់ឈ្មោះ នាថ ភេទប្រុស មានទីលំនៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គីស្រុកឧដុង្គខេត្តកំពង់ស្ពឺបច្ចុប្បន្នវត្ថុតាងខាងលេីត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់។
លោកអធិការបន្តថា ការបង្ក្រាបនេះ ធ្វើឡើងដោយមានបញ្ជាផ្ទាល់លោកស្នងការរខេត្ត ទើបកម្លាំងរបស់លោកសម្រេចបានភារកិច្ចខាងលើ ប្រកបដោយជោគជ័យគួរជាទីមោទនៈ។ ការបង្ក្រាបឈើនៅចំណុចខាងលើនេះ គឺជាដែនសមត្ថកិច្ចរបស់ជំនាញបរិស្ថានអ្នកគ្រប់គ្រង។
បើតាមការបញ្ជាក់ប្រាប់ពីសំណាក់ពលរដ្ឋមួយរូបបានឲ្យដឹងថា ឈើទាំងនេះ គឺឈ្មួញបានឃុបឃិតជាមួយក្រុមមន្ត្រីខិលខូចមួយចំនួន ដែលប្រចាំការនៅក្នុងដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ជាថ្នូរនឹងលុយពុករលួយជាច្រើនក្នុង១ខែៗ ទើបអាចចូលទៅកាប់ឈើក្នុងព្រៃអភិរក្សនេះបាន។ អ្វីដែលជាការកត់សម្គាល់ រាល់បទល្មើសព្រៃឈើ គឺតែងតែកើតមាន និងដឹកចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ព្រោះតែភាពអសកម្មរបស់មន្ត្រីដែលប្រចាំការនៅទីនោះ ។
នៅេសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ខាងសមត្ថកិច្ចបានប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើយកទៅគ្រប់គ្រងបន្តដកហូតជាសម្បត្តិរដ្ឋ ៕ សេនាស័ក្តិ