ញូវយ៉ក៖ កិច្ចប្រជុំកំពូលរបស់ UN ស្តីពីរបៀបវារៈនៃការអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ ក្រោមពាក្យស្លោក ដល់ពេលសម្រាប់ធ្វើសកម្មភាពជាសកល ដើម្បីប្រជាជន និងភពផែនដី បានប្រារព្ធបើកជាផ្លូវការនៅទីស្នាក់ការធំរបស់ UN ក្នុងបុរី New YorkUSA កាលពីម៉ោង 11និង30 ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ ។
សម្តេច ប៉ូប ហ្វ្រានស៊ីស នៃបុរីវ៉ាទីកង់ (Pope Francis of Vatican) លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការ UN រួមទាំងព្រះមហាក្សត្រ ស៊ុលតង់ (Sultan) ប្រមុខដឹកនាំរដ្ឋនិង គណៈប្រតិភូនៃបណ្តាប្រទេសជាសមាជិករបស់ UN ទាំង១៩៣ប្រទេស រួមទាំងអង្គការអន្តរជាតិ បានយាងនិងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរពិសេសនេះ លើការអនុម័តរបៀបវារៈស្តីពីការអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ ។
សម្តេច ប៉ូប ហ្វ្រានស៊ីស មានព្រះរាជហឬទ័យរីករាយដែលបានយាងមកប្រារព្ធបើកព្រះរាជពិធីនៃកិច្ចប្រជុំកំពូល UN រួមជាមួយ លោក បាន គី មូន អគ្គលេខាធិការ UN ដែលបានមានប្រសាសន៍គូសបញ្ជាក់ផងដែរថារបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ ដែលកិច្ចប្រជុំកំពូល UN នឹងធ្វើការអនុម័តនៅពេលខាងមុខ គឺដើម្បីជំនួសឲ្យគោលដៅអភិវឌ្ឍន៍សហសវត្សរ៍របស់ UN ដែលបានអនុម័តកាលពី១៥ឆ្នាំមុន។ របៀបវារៈអភិវឌ្ឍន៍ថ្មីក្រោយឆ្នាំ២០១៥នេះ មានឈ្មោះថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព មាន១៧គោលដៅ និង១៦៩ចំណុច ។
គោលដៅនិងចំណុចសំខាន់ៗទាំងនោះ នឹងបំផុសឲ្យមានសកម្មភាពជាក់ស្តែងសម្រាប់រយៈពេល១៥ ឆ្នាំទៅមុខទៀត គិតចាប់ពី ឆ្នាំ២០១៥ -២០៣០។លោកអគ្គលេខាធិការ UN មានប្រសាសន៍បញ្ជាក់បន្ថែមផងដែរថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះ គឺចាត់ទុកប្រជាជនជាស្នូលនៃការអភិវឌ្ឍន៍ តាមរយៈការលើកកម្ពស់សុខមាលភាពប្រជាជន វិបុលភាព សន្តិភាព និងយុត្តិធម៌នៅលើភពផែនដី ហើយបន្តគោរពសិទ្ធិមនុស្ស និងសមភាពយេនឌ័រ ។
លោកអគ្គលេខាធិការ UN បានសម្តែងនូវការសង្ឃឹមយ៉ាងមុតមាំថា បណ្តាមេដឹកនាំពិភពលោកទាំងអភិវឌ្ឍន៍ និងកំពុអភិវឌ្ឍន៍ទាំងអស់ នឹងធ្វើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការអនុវត្តគោលដៅទាំង១៧ របស់ UN ដើម្បីសម្រេចបានជោគជ័យនូវកិច្ចការសំខាន់បី ក្នុងអំឡុងពេល១៥ឆ្នាំខាងមុខ គឺ១ បំបាត់ភាពក្រីក្រទាំងស្រុង ២ប្រយុទ្ធប្រឆាំងនឹងវិសមភាព នឹងភាពអយុត្តិធម៌ និង៣ គឺទប់ស្កាត់ការប្រែប្រួលធាតុអាកាស ។
នៅក្នុងពិធីបើកកិច្ចប្រជុំកំពូល UN ថ្ងៃនេះ គឺមានបណ្តាមេដឹកនាំប្រទេសនានា បានធ្វើបទអន្តរាគមន៍ទៅតាមលំដាប់លេខរៀង ។
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា នៅម៉ោង12និង30’នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ ៕