ភ្នំពេញ៖ តារាចម្រៀងល្បីល្បាញរបស់កម្ពុជា លោក ព្រាប សុវត្ថិគ្រោងនឹងណាត់ជួបគ្នាមួយជាមួយតារាសម្តែងលំដាប់ពិភពលោក អ្នកនាង អេន ជីលីណាជោលី នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ជំនួបនេះគ្រោងជួបជាថ្មីក្រោយពីតារាភាពយន្ដហូលីវូដខាងលើ បានខកខានគម្រោងណាត់ជួបតារាចម្រៀងចាស់វស្សាផលិតកម្មហង្សមាស ម្តងហើយកាលពីថ្ងៃទី ១៧ ខែកញ្ញា ។
អ្នកនាងអេនជីលីណា ជោលី គ្រោងណាត់ជួបតារាចម្រៀងលំដាប់ជួរមុខនៅកម្ពុជាជាថ្មី ទំនងជាទាក់ទងនឹងការដែលនាងគ្រោងដឹកនាំការសម្តែងក្នុងខ្សែភាពយន្តរឿង«មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ :ការចងចាំរបស់កុមារីកម្ពុជាម្នាក់» ដែលនឹងចាប់ផ្តើមផលិតនៅកម្ពុជានៅចុងឆ្នាំនេះ ។ ក្នុងដំណើរមកកាន់កម្ពុជានៅខែកញ្ញានេះ តារាហូលីវូដ អេនជេលីណា ជោលី កាលពីថ្ងៃទី ១៧ ខែកញ្ញា បានចូលជួបសម្តេចតេជោយ ហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាហើយអ្នកនាងក៏ទទួលបានការគាំទ្រចំពោះគម្រោងអភិរក្សបរិស្ថានព្រៃឈើរបស់អ្នកនាងនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង និងខ្សែភាពយន្តរបស់នាងអំពីរបបខ្មែរក្រហមនៅកម្ពុជា ។
យោងតាមការប៉ាន់ស្មានមួយរបស់ក្រុមអ្នកផលិតបានលើកឡើងថា លោកព្រាប សុវត្ថិអាចនឹងត្រូវបានអេនជីលីណា ជោលីជ្រើសរើសលោកឲ្យចូលរួមសម្តែងខ្សែភាពយន្តខ្នាតធំមួយនេះ ។ មានការលើកឡើងថា អ្វីដែលអេនជីលីណាចាប់អារម្មណ៍ខ្លាំងចំពោះតារាចម្រៀងរូបនេះព្រោះតែលោកព្រាប សុវត្ថិគឺជាតារាចម្រៀងល្បីនៅកម្ពុជាពិសេសលោកមានប្រវត្តិជូរចត់ដែលធ្លាប់កើតទាន់ក្នុងជំនាន់របបកម្ពុជាប្រជាធិប្បតេយ្យ ដែលជាទិដ្ឋភាពនិងសម័យកាលដែលខ្សែភាពយន្តខាងលើចង់បង្ហាញ ។ មានការលើកឡើងដែរថា ជីវប្រវត្តិកើតក្រោមដើមស្នាយនិងក្លាយជាក្មេងកំព្រាឪពុករបស់លោកព្រាប សុវត្ថិក៏នឹងក្លាយជាប្រធានបទសំខាន់ដែលអេនជីលីណាជោលីចង់ធ្វើការស្វែងយល់ផងដែរ ។
តារាចម្រៀង ព្រាប សុវត្ថិ បានបញ្ជាក់ថាលោកនៅមិនទាន់បានដឹងអំពីពេលវេលាជាក់លាក់និងប្រធានបទក្នុងជំនួបនៅក្នុងពេលដ៏ខ្លីខាងមុខនេះនៅឡើយ ។លោក ថា “យើងនៅមិនទាន់បានិយាយអ្វីអំពីជំនួបនាពេលខាងមុខនេះនៅឡើយ ប៉ុន្តែវាគឺជាការសប្បាយចិត្តទៅវិញទៅមកដែលពួកយើងនឹងជួបគ្នា”។
លោកបញ្ជាក់ដែរថា ជំនួបពិភាក្សានេះគឺជាជំនួបឯកជនប៉ុណ្ណោះលោកមិនទាន់អាចបញ្ជាក់បាននៅឡើយគឺអាស្រ័យលើពេលវេលា អ្វីដែលសប្បាយចិត្តគឺ អេនជីលីណាជោលីក៏ជាជនជាតិខ្មែរគាត់មានអារម្មណ៍ដូចខ្មែរដែរគាត់ជួយការងារសង្គមច្រើន ទោះបីជាជំនួបនេះក្នុងកិច្ចការងារអ្វីក៏លោកសប្បាយចិត្តក្នុងការជួបហើយលោកមានមោទនៈភាពដែលបានជួបគាត់ដោយផ្ទាល់ ។
ក្រុមផលិតករលើកឡើងថា ប្រសិនបើលោកព្រាប សុវត្ថិ ត្រូវបានគេជ្រើសរើសជាតួសម្តែងណាមួយក្នុងខ្សែភាពយន្តនេះមែននោះ គឺមិនមែនជាបញ្ហាញសម្រាប់ លោកព្រាប់ សុវត្ថិ ឡើយព្រោះតែកន្លងមកតារាចម្រៀងរូបនេះធ្លាប់ឆ្លងកាត់ការថតខ្សែភាពយន្តជាច្រើនរួមទាំងធ្លាប់ផលិតខ្សែភាពយន្តរួមគ្នាជាមួយផលិតករមកពីបរទេសផងដែរ ។
គួរបញ្ជាក់ដែរថាខ្សែភាពយន្តខាងលើនឹងធ្វើការសហការជាមួយនឹងផលិតករខ្មែរដ៏ល្បីល្បាញគឺលោក រិទ្ធី ប៉ាន់ ដែលការផលិតភាពយន្តនឹងចាប់ផ្តើមតាំងពីខែសីហា ខណៈដំណើរការថតនឹងផ្ដើមពីខែវិច្ឆិកាដល់ខែកុម្ភៈឆ្នាំ ២០១៦ដែលតារាសម្តែងទាំងអស់នៅក្នុងខ្សែភាពយន្តនេះគឺជាប្រជាជនកម្ពុជា ។ ខេត្តសៀមរាប និងខេត្តបាត់ដំបងនឹងក្លាយជាទីតាំងសំខាន់ក្នុងការផលិតខ្សែភាពយន្តនេះ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ តារាភាពយន្ដហូលីវូដដ៏ល្បី នាង អេនជេលីណា ជោលី នឹងធ្វើការសម្រេចចិត្តចុងក្រោយមួយនៃការជ្រើសរើសតួសម្ដែងខ្មែរមានទេពកោសល្យ ។ ខ្សែភាពយន្តនេះក៏គ្រោងនឹងធ្វើការដាក់ឲ្យប្រកួតប្រជែងជាមួយនឹងបណ្តាខ្សែភាពយន្តបរទេសក្នុងកម្មវិធីជាលក្ខណៈអន្តរជាតផងដែរ ៕
ដោយ៖ វឌ្ឍនា