ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់ បានរងរបួសបែកក្បាលយ៉ាងដំណំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដោយសារតែបុរសដែលជាមនុស្សសសៃប្រសាទ វាយនិងដំបងដែករន្ទារ ខណៈពេលដែលជនរងគ្រោះខាងលើ កំពុងអង្គុយលាងចានដោយមិនដឹងខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងការដ្ឋានសំណង់មួយកន្លែង ដែល
មានទីតាំងស្ថិតនៅខាងក្រោយរោងចក្រស្រាបៀរក្រោន ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសរងគ្រោះឈ្មោះ សុខ ថុល អាយុ៤៧ ឆ្នាំមុខរបរបកម្មករសំណង់ មានទីលំនៅក្នុងភូមិអណ្ដូង ឃុំសូសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម រងរបួសបែកក្បាលដេរ៤ថ្នេរ និងថ្ងាសដេរ៦ថ្នេរ ព្រមទាំងរបួសដៃផងដែរ។ ចំណែកជនដៃដល់ឈ្មោះរុន សារី ភេទប្រុសអាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិត្រពាំងស្គន់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង មានប្រពន្ធនិងកូនមួយ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពេលដែលជនរងគ្រោះកំពុងតែអង្គុយលាងចាននៅក្នុងការដ្ឋានសំណង់កន្លែងកើតខាងលើ ស្រាប់តែជនសង្ស័យកាន់ដំបងដែក នៅក្នុងដៃដើរចូលទៅធ្វើសកម្មភាពវាយយ៉ាងចាស់ដៃជាច្រើដំបង បណ្ដាលឲ្យរងរបួសបែកក្បាលហូរឈាម។ ពេលនោះបើកុំតែបានអ្នកជិតខាងជួយចាប់និងឃាត់ប្រហែលជននោះវាយជនរងគ្រោះរហូតដល់ស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុកម្លាំងបានចុះទៅកាន់កន្លែងកើតហេតុឃាត់ខ្លួនជនដៃដល់នាំទៅសួរនៅប៉ុស្ដិ៍ភ្លាមៗ ប៉ុន្តែមិនអាចសួរកើតទេព្រោះជននោះជាមនុស្សសរសៃប្រសាទនិយាយត្រឡប់ត្រឡិនមិនដឹងខុសមិនដឹងត្រូវឡើយ។ ដោយឡែកក្រុមគ្រួសារបុរសសរសៃប្រសាទនោះក៏បានទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅបញ្ជាក់ប្រាប់នគរបាលថា ជននោះគឺជាមនុស្សសរសៃប្រសាទរយៈពេល២ឆ្នាំកន្លងមកហើយ ដោយសារតែរូបគេផឹកស្រាច្រើនពេកនិងអត់បាយអត់ទឹកថែមទៀតផង មិនតែប៉ុណ្ណោះក្រុមគ្រួសារបានធ្វើការសម្របសម្រួលជាមួយ និងជនរងគ្រោះដោយនៅពេលនោះជនរងគ្រោះមិនបានប្ដឹងផ្ដល់អ្វីទេ ដោយគ្រាន់តែសំណូមពរសុំឲ្យជួយចេញថ្លៃព្យាបាល របួសចំនួន២០០ដុល្លារដើម្បីបញ្ចប់រឿង៕ សុខាសែនជ័យ
...