លិខិត​មិត្ត​អ្នក​អាន​៖​ មិន​គួរ​ឲ្យ​សួនច្បារ​ក្លាយជា​ចំណត​ទេ​

ចែករំលែក៖

ខ្ញុំបាទ​ជា​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ភ្នំពេញ​ សព្វថ្ងៃ​មើលឃើញ​ថា​ បញ្ហា​កង្វះខាត​ទីកន្លែង​ហាត់ប្រាណ​គឺជា​រឿង​មួយ​ដ៏​សំខាន់​ នៅ​គ្រា​ដែល​ប្រជាពលរដ្ឋ​ភាគច្រើន​ភ្ញាក់រលឹក​ក្នុង​ការ​ហាត់ប្រាណ​ដើម្បី​សុខភាព​ ។​ អ្វី​ដែល​សំខាន់​គឺ​ទីកន្លែង​ហាត់ប្រាណ​ ពោល​គឺ​សួនច្បារ​មួយ​ចំនួន​មិន​ត្រូវ​បាន​សម្អាត​សម្រាប់​ជា​កន្លែង​លំហែ​ និង​ហាត់ប្រាណ​នោះ​ឡើយ​ ។​ ​

ជាក់ស្តែង​ សួនច្បារ​ដ៏​ធំ​លាតសន្ធឹង​ចាប់ពី​មហាវិថី​ព្រះ​មុនី​វង្ស​ រហូត​ដល់​មាត់ទន្លេ​ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ​ វា​មិនមែន​ជាទី​កន្លែង​សម្រាប់​លំហែ​កម្សាន្ត​ ឬ​ហាត់ប្រាណ​នោះ​ឡើយ​ ។​ មួយ​ផ្នែក​ធំ​នៃ​សួន​នេះ​ នៅ​ជិត​មាត់ទន្លេ​ត្រូវ​បាន​គេ​បង្កើត​ឲ្យ​ទៅ​ជា​ផ្សារ​រាត្រី​ ។​ នៅ​ជុំវិញ​ផ្សារ​រាត្រី​នោះ​គឺជា​ចំណត​យានយន្ត​គ្រប់​ប្រភេទ​ដែល​បាន​ស៊ី​យ៉ាងច្រើន​ទៅ​លើ​ចំណែក​ផ្លូវ​សាធារណៈ​ ។​ កន្លែង​ផ្ញើ​កង់​ ម៉ូតូ​ជុំវិញ​ផ្សារ​រាត្រី​ហៀរ​ដល់​កណ្តាល​ទ្រូងផ្លូវ​ ។​ ​

នៅ​ជុំវិញ​សួនច្បារ​ដ៏​ធំ​ល្វឹងល្វើយ​នេះ​ជា​ចំណតរថយន្ត​ទិញ​ លក់​ ដែល​អ្នកលក់​រថយន្ត​ទាំងនោះ​ត្រូវ​បង់លុយ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ។​ ដោយ​មិន​និយាយ​អំពី​បញ្ហា​ស្មុគស្មាញ​ដែល​នៅ​ជុំវិញ​សួន​ចំណុច​លក់​រថយន្ត​នោះ​ គេ​សង្កេត​ឃើញ​ថា​មាន​ភាព​អនាធិបតេយ្យ​ជា​ច្រើន​ ដូច​ជា​បញ្ហា​ល្បែងស៊ីសង​នៃ​ក្រុម​អ្នកលក់​រថយន្ត​នោះ​ជាដើម​ ។​ ​

បន្ត​រហូត​មក​ដល់​មុខ​សក្យមុនី​ចេ​តី​យ៍​គឺជា​ទីតាំង​ផ្ញើ​ម៉ូតូ​របស់​បុគ្គលិក​ក្រុមហ៊ុន​ដែល​មា​នទី​តាំងនៅ​ក្បែរ​នោះ​ ។​ ក្រុមហ៊ុន​ដែល​មា​នទី​តាំងនៅ​ក្បែរ​នោះ​គួរតែ​មាន​ចំណត​សមរម្យ​សម្រាប់​បុគ្គលិក​ មិនមែន​យក​សួនច្បារ​ធ្វើ​ជា​ចំណត​យ៉ាង​ដូច្នេះ​ទេ​ ។​ នៅ​ជុំវិញ​បរិវេណ​សួនច្បារ​ម្តុំៗ​នោះ​ជា​កន្លែង​ចាប់​ម៉ូយ​រថយន្ត​យ៉ាង​អនាធិបតេយ្យ​ ។​ គេ​មិនដឹង​ថា​ តើ​ អាជ្ញាធរ​ដែនដី​បាន​ជ្រាប​ ឬ​បានដឹង​អំពី​បញ្ហា​នេះ​ដែរ​ឬទេ​?​ បើ​ដឹង​ហើយ​ថា​ តើ​គួរ​មាន​វិធានការ​ដោះស្រាយ​យ៉ាងដូចម្តេច​?​ ​

អាជ្ញាធរ​គួរតែ​រំដោះ​សួនច្បារ​ផ្សារ​ចាស់​នេះ​ និង​រៀបចំ​ឲ្យ​មាន​សោ​ភណ្ឌ​ភាព​ឡើង​វិញ​ ។​ យូរ​ឆ្នាំ​មក​ហើយ​ ដែល​សួនច្បារ​នេះ​ត្រូវ​ជាប់​ខ្នោះ​ជា​ចំណាប់ខ្មាំង​នៃ​ក្រុមហ៊ុន​ដែល​សាងសង់​អគារ​របស់​ខ្លួន​ក្បែរៗ​នោះ​ ។​ ក្នុង​នាម​ប្រជាពលរដ្ឋ​ម្នាក់​ ខ្ញុំបាទ​យល់​ឃើញ​ថា​ ក្រុមហ៊ុន​ឯកជន​ដែល​មាន​អគារ​ខ្ពស់​នៅ​ក្បែរ​នោះ​គួរតែ​មាន​ចំណត​សម្រាប់​បុគ្គលិក​របស់​ខ្លួន​ដោយ​មិន​អាច​បាំង​របង​យក​សួនច្បារ​សាធារណៈ​ធ្វើ​ជា​ចំណត​យ៉ាងនេះ​ឡើយ​ ៕​

...

ប្រភព៖ ប្រជាពលរដ្ឋ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print