ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង បានរៀបចំពិធីសម្ពោធបើកការដ្ឋានសាងសង់ទំនប់បង្ហៀរទឹក សម្តេចតេជោ ហ៊ុន សែន ព្រៃតាភេម ស្ថិតនៅក្នុងឃុំដូង ស្រុករមាសហែក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុករមាសហែក ខេត្តស្វាយរៀង។
សូមបញ្ជាក់ថាទំនប់បង្ហៀរទឹក សម្តេចតេជោ ហ៊ុន សែន ព្រែកតាភេន មានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ចំនួន៤ភូមិ (ភូមិពោន, ភូមិស្វាយពក, ភូមិបុស្សសង្ឃ័រ និងភូមិតាសួស) ដែលពឹងផ្អែកលើទំនប់បង្ហៀរទឹកនេះសម្រាប់ជិវិតរស់នៅ ដោយប្រើប្រាស់ និងធ្វើស្រែចំការមិនថារដូវប្រាំង ឬវស្សា។
នាពេលអនាគតទំនប់បង្ហៀរនេះ មិនត្រឹមតែសម្រាប់ប្រជាជនធ្វើស្រែចំការនោះទេ នឹងក្លាយជាកន្លែងសំបូរដោយត្រីគ្រប់ប្រភេទ សម្រាប់ប្រជាពលរដ្ឋអាស្រ័យផល ពិសេសនឹងរៀបចំអោយទៅជារមនីយ៍ដ្ឋានមួយសម្រាប់បងប្អូនឆ្ងាយជិត សម្រាកលំហែកាយស្រូបយកខ្យល់ អាកាសបរិសុទ្ធផងដែរ។
បន្ទាប់មកឯកឧត្តម សៅ សុខា បានបន្តចុះពិនិត្យមណ្ឌល សុខភាពឃុំដូង ដែលគ្រោងនឹងសាងសង់បន្ទប់សម្រាប់អ្នកជំងឺសម្រាកព្យាបាលបណ្តោះអាសន្ន ដូចជាសម្រាប់ស្រ្តីមុនសម្រាលកូន និងសម្រាលកូនរួច ឬអ្នកជំងឺដែលចាំបាច់ត្រូវសម្រាកព្យាបាលនៅមណ្ឌលសុខភាព។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានបន្តពិនិត្យ និងសម្រេចសាងសង់ទីលានបាល់ទាត់ និងកន្លែងសម្រាប់លេងកីឡាផ្សេងៗទៀត នៅអនុវិទ្យាល័យដូង ស្ថិតក្នុងឃុំដូងទៀតផង៕
ដោយ៖ សុខ ខេមរា

















