ភ្នំពេញ៖ នារីម្នាក់ជាអ្នកគិតលុយនៅក្នុងហាងម៉ាស្សាមួយកន្លែង ជិះម៉ូតូចេញពីធ្វើការបំណងត្រឡប់ទៅផ្ទះវិញ ត្រូវជនសង្ស័យ២នាក់ជិះម៉ូតូមកជិតបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីរូបនាងបានសម្រេច និងជិះគេចខ្លួនបាត់ដោយសុវត្ថិភាព និងបណ្តាលឱ្យនារីរងគ្រោះដួលម៉ូតូរងរបួសស្រាល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង៥០នាទីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ ខាងលិចខារ៉ាអូខេបេសស្តារ តាមបណ្តោយផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ លន គឹមសៀន អាយុ២៨ឆ្នាំ ជាអ្នកគិតលុយនៅក្នុង ហាងម៉ាស្សា សុគេទិត្យ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
បើតាមការរៀបរាប់ពីនារីរងគ្រោះបានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុរូបនាងបានជិះម៉ូតូស្មាស ពណ៍ខ្មៅពាក់ស្លាកលេខ 1D-1454 ជិះចេញពីកន្លែងកើតធ្វើការបំណងត្រឡប់ទៅផ្ទះវិញ ខណះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមិនចាំម៉ាកមួយគ្រឿងឌុបគ្នាមកអៀបជិត រួចបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីរូបនាងបានសម្រេច រួចជិះគេចខ្លួនបាត់តែម្តង និងបណ្តាលឱ្យរូបនាងដួលម៉ូតូរងរបួសស្រាល ។
នារីរងគ្រោះបន្តថា ចំពោះរបស់របរនៅក្នុងការបូបដែលត្រូវបានក្រុមជនសង្ស័យ ឆក់យកទៅបាត់នោះ មានខ្សែកផ្លាកទីនមួយខ្សែនិងកងដៃមួយ តំលៃមាណ៧០០ដុល្លារ លុយចំនួន១៥០ដុល្លារ ទូរស័ព្ទដៃ២គ្រឿងមួយគ្រឿងម៉ាកអាយហ្វូន៦ និងម៉ាកសាំសុងមួយគ្រឿង កាតគ្រីម៉ូតូ អត្តសញ្ញាណ ប័ណ្ណ កាតATM និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។
ក្រោយកើតហេតុមួយសន្ទុះសមត្ថកិច្ចជាច្រើននាក់ បានទៅដល់កន្លែងកើតហេតុ និងបានត្រឹមតែដឹកនារីរងគ្រោះ ទៅដាក់ពាក្យបណ្តឹងតែប៉ុណ្ណោះ ។
សូមបញ្ជាក់ផងដែរថា មួយរយះពេលនេះនៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ ករណីចោរលួច ឆក់ និងប្លន់ មានការកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែមិនដែលឃើញសមត្ថកិច្ចបង្ក្រាបបានម្តងណានោះទេ គឺគេសង្កេតឃើញសមត្ថកិច្ចឃាត់ខ្លួនបានតែចោរតូចតាចតែប៉ុណ្ណោះ នាំឱ្យមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ដោយពួកគាត់និយាយថា បើមានករណីដូចនេះជាញឹកញាប់តើពួកគាត់ចេញចូលធ្វើការយប់ព្រលប់យ៉ាងម៉េច បើក្នុងភូមិសាស្ត្ររស់នៅរបស់ពួកគាត់មិនមានសុវត្ថិភាពផងនោះ ដោយសារតែភាពអសកម្មរបស់សមត្ថកិច្ច ៕