ខេត្តកណ្តាលៈ បុរសម្នាក់ត្រូវនគរបាលចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការបន្ទាប់ពីការប្តឹងពីនារីរងគ្រោះថា បានធ្វើសកម្មភាពយកខោអាវរបស់ខ្លួនដុតឆេះអស់កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួន ឈ្មោះ ម៉ាក់ ចន្ថា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅកន្លែងកើតហេតុ។ រីឯនារីរងគ្រោះឈ្មោះ ម៉ាក់ សុម៉ាលី អាយុ២១ឆ្នាំ ទីលំនៅកន្លែងកើតហេតុ និងមានមុខរបរជាកម្មការនីរោងចក្រ M V ។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា នៅមុនពេលកើតហេតុខាងលើ ជនសង្ស័យបានផឹកស្រាស្រវឹង ពេលមកដល់ផ្ទះ បានប្រើជនរងគ្រោះដែលត្រូវជាប្អូនស្រីបង្កើតឲ្យទៅយកម្តាយចេញពីធ្វើការរោងចក្រ តែជនរងគ្រោះមិនព្រមទៅ ជនល្មើស បានវាយធ្វើបាបជនរងគ្រោះ រួចប្រមូលយកខោអាវ យកទៅដុតឡើងឆេះអស់ ហើយជនរងគ្រោះបានប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង៕