ភ្នំពេញ ៖ ចំណាយរយៈពេល២សប្តាហ៍នៅលើទឹកដីខេត្តសៀមរាបក្នុងការផលិតភាពយន្តខ្លីរឿង”រសជាតិអាហ្មុក” តាមការកំណត់ ស៊ិបស៊ី ណាប៉ាន់ និងក្រុមការងារបានដាក់ក្តីរំពឹងខ្ពស់ជាមួយនឹងការនាំស្នាដៃរបស់ខ្លួនទៅចូលរួមប្រកួតប្រជែងនៅសាកលវិទ្យាល័យដែលពួកគេបានសិក្សានារដ្ឋធានីប៉េកាំងប្រទេសចិន។
ការថ្លែងបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងកម្មវិធីសន្និសីទសារព័ត៌មានមួយកាល ពីល្ងាចថ្ងៃទី៧ខែឧសភានេះនៅភោជនីយដ្ឋាន អ៊ុយគុយទាវ ។ ស៊ិប ស៊ីណាប៉ាន់ ជាកូនខ្មែរដែលបានចំណាយពេលជាច្រើនឆ្នាំក្នុងការសិក្សាភាសា និងជំនាញផលិតភាពយន្តនៅប្រទេសចិនបានលើកឡើងថា ការផលិតភាពយន្តខ្លីរបស់ខ្លួនបានបញ្ចប់តាមការគ្រោងទុក បើទោះបីជាជួបការលំបាកមួយចំនួនក្តី។ អតីតសិស្សសាលទួលហ្វារូបនេះបានបញ្ជាក់ថា ភាពយន្តនេះនឹងនិយាយអំពីអំពីការទទួលទានម្ហូប”អាហ្មុក”របស់បុរសម្នាក់បានធ្វើឲ្យគាត់ស្រមៃដល់រូបភាពពីបុរាណកាល។
លោកថាជារឿងប្រឌិតបែបស្រមើលស្រមៃ ប៉ុន្តែវាបានបង្កបនូវអត្ថន័យជាច្រើនទាំងការបង្ហាញពីទំនៀមទម្លាប់ ប្រពៃណី ជីវិតរស់នៅរបស់ប្រជាជនខ្មែរ ។ លោកថា ការជ្រើសរើសប្រទេសកម្ពុជាដើម្បីធ្វើខ្សែភាពយន្តទៅប្រកួតប្រជែងព្រោះតែលោកចង់បង្ហាញភាពប្លែកនិងទិដ្ឋភាពដ៏ទាក់ទាញរបស់ប្រទេសកម្ពុជាហើយការដែលលោកនិងក្រុមការងារជ្រើសរើសយកប្រធានបទ” រសជាតិអាហ្មុក”ក៏ព្រោះតែចង់បង្ហាញពីស្នាដៃ និងរសជាតិម្ហូបអាហាររបស់ខ្មែរពិសេសកេរ្តិ៍ដំណែលសិល្បៈវប្បធម៌ខ្មែរទៅដល់ប្រជាជននានានៅលើពិភពលោក។ និស្សិតនៃសាកលវិទ្យាល័យ National Academy of China Theatre Arts រូបនេះបន្តថា ភាពយន្តដែលផលិតរួមគ្នារវាងលោក និងនិស្សិតជនជាតិជប៉ុនម្នាក់ និងជនជាតិចិន៤នាក់ផ្សេងទៀតនេះនឹងត្រូវយកទៅកាត់ត និងដាក់ឲ្យសាស្ត្រាចារ្យនៅសាកលវិទ្យាល័យត្រួតពិនិត្យ មុនពេលយកទៅធ្វើការប្រកួតប្រជែងជាមួយនិងស្នាដៃនិស្សិតដទៃទៀត។ និស្សិតវ័យ២៥ឆ្នាំរូបនេះលើកឡើងដែរថាស្នាដៃនេះមានចំណុចពិសេសជាច្រើនដែលលោកនិងក្រុមការងារបានរួមគ្នាផលិត ហើយក៏រំពឹងថានឹងទទួលបានលទ្ធផលល្អនិងមានឱកាសចូលរួមប្រកួតប្រជែងជាមួយនឹងស្នាដៃផលិតរបស់ផលិតករជាច្រើនផងដែរ។ លោកក៏មានបំណងបន្តផលិតភាពយន្តថ្មីៗបន្ថែមទៀតប្រសិនបើមានឱកាស។
ស៊ិបស៊ី ណាប៉ាន់ដែលគេស្គាល់ដែរថាជាក្មួយប្រុសបង្កើតរបស់ផលិតករផ្នែកភាពយន្តល្បីឈ្មោះលើឆាកអន្តរជាតិ លោក ឬទ្ធី ប៉ាន់ ។ ស៊ិបស៊ី បញ្ជាក់ថា លោកពិតជាមានបំណងមកបំពេញការងារនៅកម្ពុជាក្រោយពេលបញ្ចប់ការសិក្សានិងចង់ទទួលយកបទពិសោធន៍កាន់តែច្រើនថែមទៀតពី លោក ឬទ្ធី ប៉ាន់។
កញ្ញា Nagura Ayumi ជានិស្សិតជនជាតិជប៉ុន បានបញ្ជាក់ថានាងនិងក្រុមការងារពិតជារំភើបរីករាយដែលបានមកផលិតភាពយន្តខ្លីខាងលើនៅកម្ពុជា បើទោះបីជាក្រុមការងារត្រូវប្រឈមនឹងបញ្ហាលំបាកច្រើនទាំងអាកាសធាតុ អាហារជាដើមក្តីប៉ុន្តែការងារនេះបានបញ្ចប់តាមការគ្រោងទុក។ នាងថាក្រុមការងារសហការគ្នាបានល្អ ដើម្បីសម្រេចបានស្នាដៃមួយបានហើយនាងរំពឹងដែរថានឹងទទួលបានលទ្ធផលល្អក្រោយពេលកាត់ត និងដាក់ឲ្យមានការត្រួតពិនិត្យពីក្រុមសាស្ត្រាជំនាញផ្នែកគួរបញ្ជាក់ដែរថា ស៊ិបស៊ីណាប៉ាន់ គឺជានិស្សិតជនជាតិខ្មែរដំបូងដែលសិក្សារលើជំនាញផលិតភាពយន្តនៅប្រទេសចិន។ លោកបានធ្វើដំណើរមកដល់កម្ពុជាកាលពីដើមខែមេសាជាមួយក្រុមនិស្សិតជនជាតិ ជប៉ុន និងចិន ដើម្បីផលិតភាពយន្តខ្លី”រសជាតិអាហ្មុក”ក្រោមការជួយជ្រោមជ្រែងពីមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមការងារបុផ្ផាណាផងដែរ។ ភាពយន្តដែលមានរយៈពេលចន្លោះពី៣០ទៅ៤៥នាទីនេះនឹងវាស់ស្ទង់សមត្ថភាពរបស់ពួកគេផងដែរ មុនពេលពួកគេចាប់ផ្តើមប្រឡូកផ្ទាល់ក្នុងអាជីពនេះ ៕ វឌ្ឍនា



















