មន្ត្រីនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកណ្តាលកំពុងបំផ្លាញផ្លូវជាតិលេខ១១០

ចែករំលែក៖

ខេត្តកណ្តាល ៖  ប្រជាពលរដ្ឋរស់នៅក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បានរិះគន់ទៅលើក្រុមមន្ត្រីនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាលថា បាននឹងកំពុងបំផ្លាញផ្លូវជាតិលេខ១១០ ។ ការរិះគន់នេះធ្វើឡើងគ្រាដែលក្រុមមន្ត្រីទាំងអស់នោះកំពុងឈរជើងនៅសាងសង់ស្ពានព្រែកឃ្លោក ហើយបានបើកគ្រឿងចក្រកង់ច្រវ៉ាក់តាមបណ្តោយផ្លូវជាតិលេខ១១០ ដោយពុំបានគិតពីផលប៉ះពាល់ និងការខូចខាតផ្លូវ ។

ប្រជាពលរដ្ឋនិយាយថា ចាប់តាំងពីក្រុមមន្ត្រីនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាលចុះមកស្នាក់នៅក្នុងការដ្ឋាន ដើម្បីសាង សង់ស្ពានព្រែកឃ្លោក គឺមានរយៈពេលជាច្រើនខែមកហើយ ។ ពេលត្រូវការគ្រឿងចក្រជីកកកាយដីនៅការដ្ឋានសំណង់ ក្រុមមន្ត្រីទាំងនោះតែងតែងមកបើកគ្រឿងចក្រ ដែលមានកង់ច្រវ៉ាក់ពីកន្លែងទុក មានទីតាំងនៅខាងមុខវិទ្យាល័យ ហ៊ុន សែន ត្រើយស្លា ។ ក្រុមមន្ត្រីបានបើកគ្រឿងចក្រកង់ច្រវ៉ាក់ដោយផ្ទាល់នៅលើផ្លូវជាតិ ដោយមិនបានគិតពីផលប៉ះពាល់ និងការខូចខាតផ្លូវនោះទេ ។ ទីតាំងទុកដាក់គ្រឿងចក្រមានចម្ងាយប្រមាណ២គីឡូម៉ែត្រពីការដ្ឋានសាងសង់ស្ពាន ជាហេតុធ្វើឲ្យផ្លូវជាតិប្រវែង២គីឡូម៉ែត្ររងការខូចខាតដោយសារគ្រឿងចក្របើកពីលើ ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ អ្នកយកព័ត៌មាននគវត្តបានឃើញសកម្មភាពក្រុមមន្ត្រី នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល បើកអេស្ការវ៉ាទ័រកាយដី ដែលមានកង់ច្រវ៉ាក់បើកនៅលើផ្លូវជាតិចាប់តាំងពីចំណុចទូកដាក់គ្រឿងចក្ររហូតទៅដល់ចំណុចការដ្ឋានសំណង់ ដោយមិនបានគិតពីផលប៉ះពាល់នោះទេ ។

ឆ្លើយតបទៅនឹងប្រជាពលរដ្ឋដែលចោទសួរ អ្នកបើកគ្រឿងចក្របាននិយាយថា ការបើកគ្រឿងចក្រកង់ច្រវ៉ាក់ដោយផ្ទាល់នៅលើផ្លូវជាតិវាពិតជាធ្វើឲ្យផ្លូវរងការខូចខាត តែមិនដឹងធ្វើម៉េចទេបើកអត់មានរថយន្តសម្រាប់ដឹកទៅហើយមានតែបើកដោយផ្ទាល់។ អ្នកបើកគ្រឿងចក្រ បានបញ្ជាក់ថា ប្រសិនបើកប្រជាពលរដ្ឋជាម្ចាស់គ្រឿងកង់ច្រវ៉ាក់បើកដោយផ្ទាល់នៅលើផ្លូវច្បាស់ជាត្រូវចាប់ផាកពិន័យ ព្រោះកង់ ច្រវ៉ាក់នេះវាយធ្វើឲ្យខូចខាតផ្លូវ ។ ដោយឡែកគ្រឿងចក្រនេះមិនមានអ្នកផាកពិន័យទេ ព្រោះវាជារបស់រដ្ឋ ៕  ដោយ ៖   ស្អាងជ័យ

...

00fd071d-e9da-4973-976d-18f6257df33b f0dc5983-1e46-49c4-9786-ae266a995198

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print