ខេត្តពោធិ៍សាត់៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្រ្កាបរថយន្តដឹកអង្កាម និងធ្យូងបង្កប់ឈើប្រភេទប្រណិត ខណៈដែលរថយន្តកំពុងដឹកបទល្មើសជាក់ស្ដែងលើកំណាត់ផ្លូវជាតិលេខ ៥៥។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង១ និង២៦នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុចខាងកើតស្ពានអូរតក់ឡក់ ចម្ងាយប្រមាណ ១០០ម៉ែត្រ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក អនុសេនីយ៍ត្រី ម៉ន សុផាត កងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះប្រតិបត្តិការបានឲ្យដឹងថា រថយន្តដឹកអង្កាម និងធ្យូងបង្កប់ឈើពីក្រោមនោះម៉ាក ToYaTa កែច្នៃ ចង្កូតឆ្វេង ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2E 7536 អ្នកបើកបររថយន្តឈ្មោះ ដេត (រត់គេចខ្លួន) ចំណែកព្រូរថយន្តឈ្មោះ សុ វណ្ណាដ្ឋាន កម្លាំងបានយកមកសាកសួបន្តនៅផ្នែករដ្ឋបាលព្រៃឈើវាលវែង។
លោក អនុសេនីយ៍ត្រីបន្តថា វត្ថុតាងទាំងរថយន្តទាំងឈើ និងព្រូរថយន្តបានប្រគល់ឲ្យមន្រ្តីជំនាញផ្នែករដ្ឋបាលព្រៃឈើវាលវែង ដើម្បីបន្តនៅព្រឹកថ្ងៃដដែលតាមនីតិវិធីទាំងអស់គ្នា។
ដោយឡែក៖ ប្រភពព័ត៌មានពីមន្រ្តីជំនាញផ្នែករដ្ឋបាលព្រៃឈើវាលវែងបានឲ្យដឹងដែរថា រថយន្តដឹកអង្កាម និងធ្យូងបង្កប់ឈើជាឈើប្រភេទប្រណិតបេង មានចំនួន ១០៣ដុំ ស្មើរនឹងចំនួន ១.៩៣ម៉ែត្រត្រីគុណ ដើម្បីរក្សាទុក និងបន្តធ្វើការស្រាវជ្រាវ៕
ដោយ៖ បុឹម ពិន