ប្រទេសថៃ ៖ យ៉ាងហោចមានកម្មករខ្មែរ-ថៃចំនួន១៥នាក់បានទទួលរងរបួសធ្ងន់ស្រាលនិងស្លាប់ ខណៈដែលជួបនូវគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់និងជ្រុលបុកដើមឈើបង្កឡើងដោយខ្លួនឯង ទន្ទឹមដែលរថយន្តបានដឹកកម្មករខ្មែរ-ថៃទាំងនោះបម្រុងទៅបេះផ្លែឈើ ក្នុងខេត្តត្រាត ប្រទេសថៃ កាលពីវេលាម៉ោង៧ និង៤០នាទីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅស្រុកមឿង ខេត្តត្រាត។នេះបើយោងតាមការដកស្រង់ព័ត៌មានចេញពីកាសែតក្នុងប្រទេសថៃ។
បើយោងតាមប្រភពព័ត៌មានរបស់កាសែតថៃឱ្យដឹងទៀតថា ក្នុងចំណោមកម្មករខ្មែរ -ថៃ ដែលរងគ្រោះថ្នាក់ស្លាប់និងរងបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរារចណ៍ខាងលើ គេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ។សេចក្តីរាយការណ៍ជាបឋមឱ្យដឹងថា មានកម្មករខ្មែរម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ដោយឡែកអ្នករងរបួសមួយចំនួនទៀតគេមិនទាន់ដឹងថា មានកម្មករខ្មែរប៉ុន្មានាក់ និងកម្មករថៃ ប៉ុន្មាននាក់ច្បាស់លាស់នៅឡើយទេ អ្នករងរបួស នោះ ស្ថិតក្នុងការជួយសង្រ្គោះបញ្ជូនដល់មន្ទីរពេទ្យ។
បើតាមប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា មុនពេលកើតហេតុរថយន្តប្រភេទធុនតូច តូយ៉ូតាវីហ្គោ ១គ្រឿងបានដឹកផ្ទុកកម្មករខ្មែរ-ថៃ១៥ នាក់ ក្នុងល្បឿនលឿន ដើម្បីទៅបេះផ្លែឈើនៅដីក្នុងចំការមួយកន្លែងក្នុងខេត្តត្រាត ប្រទេសថៃ។លុះរថយន្តធ្វើដំណើរដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តផ្ទុះកង់ខាងងមុខបណ្តាលឱ្យរថយន្តរ៉េចង្កូត ធ្លាក់ផ្លូវស្នាមភ្លោះក្រឡាប់ជាច្រើនត្រឡប់ហើយរថយន្តក៏ជ្រុលបុកដើមឈើ១ដើម ទើបរថយន្តជាប់គាំងតែម្តង។ ក្រោយពីកើតហេតុនោះភ្លាមគេសង្កេតឃើញសមត្ថកិច្ចថៃក៏បានចុះមកដល់កន្លែងកើតហេតុ និងបានដឹកជនរងគ្រោះកម្មករខ្មែរ-ថៃទៅកាន់មន្ទីរពេទ្យខេត្តត្រាតដោយឡែករថយន្តនោះវិញបានរងការខូចខាតធ្ងន់ធ្ងរ៕ សំ វិច្ឆិកា