លោកMoon Jae In ចង់ពិភាក្សា និងបង្កើនទំនាក់ទំនងការបរទេស សេដ្ឋកិច្ចជាមួយកូរ៉េខាងជើង ។ អ្វីដែលសំខាន់នោះគឺលោកចង់ដឹក នាំផ្ទាល់នៅក្នុងការដោះស្រាយវិបត្តិជាមួយកូរ៉េខាងជើង គឺដើរផ្ទុយពីគោលជំហររបស់អាមេរិក ទៅលើកូរ៉េខាងជើង។
តាមការប្រកាសរបស់ក្រុមអ្នកឯកទេសវិភាគ បញ្ចាក់ថា ការជាប់ឆ្នោតរបស់លោកMoon Jae In និងគោលនយោបាយដឹកនាំរបស់លោក អាចធ្វើឲ្យ អាមេរិកនិងកូរ៉េខាងត្បូង មានវិវាទនឹងគ្នាក្នុងការដោះស្រាយបញ្ហាកូរ៉េខាងជើង។ ដូចកាលពីប្រធានាធិបតីហ្វីលីពីន លោក ឌូទឺទេ ឡើងកាន់តំណែង ដែលមានគោលនយោបាយផ្ទុយពីប្រធានាធបិតីមុន ធ្វើឲ្យសម្ព័ន្ធមិត្ត រវាងអាមេរិកនិងហ្វីលីពីន ដែលមានរយៈពេលរាប់សិបឆ្នាំមកនេះត្រូវបែកបាក់ ។ តើកូរ៉េខាងត្បូង កំពុងតែដើរតាមផ្លូវនោះឬ?
សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានដកស្រងសម្តីអ្នកនាំពាក្យសេតវិមាន លោក Sean Spicer បញ្ចាក់ថា ប្រធានាធិបតីត្រាំចង់ជួបពិភាក្សាជាមួយប្រធានាធិបតីថ្មី កូរ៉េខាងត្បូងMoon Jae In ទៅលើបញ្ហាដែលភាគីទាំងពីរយកចិត្តទុកដាក់នាពេលកន្លងមក។ អ្នកនាំពាក្យសេតវិមានបញ្ចាក់ទៀតថា លោករងចាំ ប្រទេសទាំងពីរអាមេរិក-កូរ៉េខាងត្បូង បន្តសហការគ្នា បង្កើនទំនាក់ទំនងមិត្តភាពកាន់តែជិតស្និតថែមទៀត។
Moon Jae In កំពុងតែស្វែងរកវិធីសស្ត្រ ដឹកនាំថ្មី កំណត់គោលដៅថ្មីរបស់កូរ៉េខាងត្បូង ពិសេសគឺការដោះស្រាយបញ្ហាកូរ៉េខាងជើង ។ នៅក្នុងពេលឃោសនាបោះឆ្នោត លោកMoon Jae Inបញ្ចាក់ថា «យើងចាំបាច់ត្រូវតែធ្វើជាម្ចាស ក្នុងការដោះស្រាយ បញ្ហា វិវាទជាមួយកូរ៉េខាងជើង ។ សម្ព័ន្ធមិត្ត អាមេរិក ដើរតួនាទីគាំទ្រ ការសម្រេចរបស់យើង ក្នុងការរកសំណោះស្រាយជាមួយប្រទេសជិតខាង កូរ៉េខាងជើង»។
ចំណែកសារព័ត៌មាន Tokyo Shimbunរបស់ជប៉ុន បានផ្សាយថា លោកMoon Jae In បានប្រកាសដោយបើកជំហរពីគម្រោង សហប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ចជាមួយកូរ៉េខាងជើង។
នៅពេលនេះដែរ ប្រសិនបើ រដ្ឋាភិបាលថ្មីកូរ៉េខាងត្បូង ចាប់ផ្តើមសហការសេដ្ឋកិច្ច ជាមួយកូរ៉េខាងជើង ដូចជា ដំណើរការ តំបន់ឧស្សាហកម្ម Kaesong ដែលជាតំបន់ «មាន់ពងចេញមាស»របស់កូរ៉េខាងជើង និងធ្វើឲ្យការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើកូរ៉េខាងជើង ពីសហគមន៍អន្តរជាតិត្រូវថយចុះ ជាការបំបែក ជញ្ជាំងឡោមព័ទ្ធសេដ្ឋកិច្ចរបស់កូរ៉េខាងជើង ៕