ខេត្តសៀមរាប ៖ ផ្លូវមួយចំនួននៅក្រុងសៀមរាប ដែលរងការខូចយ៉ាងធ្ងន់ធ្ងរ ដោយផ្លូវខ្លះក្លាយជាប្រឡាយ ខ្លះក្លាយជាត្រពាំង ខ្លះក្លាយជាគំហុក សំបុកមាន់ ឬ គំហុករបៀបបាយខុមនោះ មិនត្រូវបានអាជ្ញាធរឬមន្ទីរជំនាញ ធ្វើការជួសជុលនោះឡើយ ។
ប្រជាពលរដ្ឋរិះគន់ថា អាជ្ញាធរខេត្តសៀមរាប ក្រោមការដឹកនាំ របស់ឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុង ជាអភិបាលខេត្ត បានដឹងឬបានឃើញ ទេ បានជាទុកអោយខូចធំឡើងៗបែបនេះ បើទុកបែបនេះតទៅទៀត ផ្លូវទាំងនោះនឹងខូចកាន់តែធ្ងន់ធ្ងរទៅៗ ឬមួយទុកដាក់សំណើសុំ លុយធំ?
ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត បានលើកឡើងថា ជាពេលវេលាមួយដែលខ្ញុំមិនអាចទ្រាំបានទេ! សូមសម្ដេចមេត្តាឆ្លៀត ពេលបន្តិចបន្តួចពិនិត្យ មើលការដឹកនាំ របស់មន្ត្រីថ្នាក់ក្រោម របស់សម្ដេចតិចមើល! នេះជាផ្លូវទី២បន្ទាប់ ពីផ្លូវជាតិលេខ៦ មុខផ្សារលើធំថ្មីសៀមរាប (ហៅផ្លូវតាអុច)។ មិនទាន់ទាំងភ្លៀងធំផងផ្លូវ នេះតែងតែហូរទឹកខ្មៅក្រខ្វក់ជា ប្រចាំអោយតែមាន ភ្លៀងធ្លាក់បន្តិចបន្តួច អាជ្ញាធរមិនដែល យកចិត្តទុកដាក់ ជួសជុលទេ។
ករណីនេះ ពួកគាត់មិនដែលឃើញ ចៅសង្កាត់សាលាកំរើក និងមេភូមិតាវៀន ចេញមុខធ្វើការ ជួសជុលផ្លូវ ដែលរងការខូច ឲ្យបានល្អប្រសើរ ម្ដងណាឡើយ បើទោះជាមានលុយមូលធិឃុំមួយឆ្នាំៗរាប់ម៉ឺនដុល្លាក៏ដោយ ៕