ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋជិត៣០០គ្រួសាររស់នៅក្រុមអន្ទ្រង់សែនជ័យ ភូមិចុងផាងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានស្នើឲ្យអភិបាលខេត្តមណ្ឌលគិរីជួយអន្តរាគមន៍ និងពិនិត្យមើលផ្លូវធ្វើដំណើរមួយខ្សែតភ្ជាប់មកខេត្តក្រចេះ ត្រូវបានក្រុមហ៊ុន តុងមិន ដាក់បារ៉ាសកាត់លើផ្លូវដើម្បីជំរិតទារប្រាក់ពួកគាត់ពេលឆ្លង់កាត់ ។
អ្នកស្រី ទូច សារឿន តំណាងអោយពលរដ្ឋនៅក្រុមអន្រ្ទង់សែនជ័យ២៥៦គ្រួសារ បានស្នើដល់អាជ្ញាធរខេត្ត មណ្ឌលគិរី តាមរយៈលោក នួន សារ៉ន អភិបាលស្រុកពេជ្រាដា កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ បញ្ហាផ្លូវធ្វើដំណើររបស់ពួកគាត់ដែលកំពុងជួបការលំបាកខ្លាំងនារដូវវស្សា ដោយពុំមានផ្លូវសំរាប់ធ្វើដំណើរទៅខេត្តមណ្ឌលគិរីនោះទេ។
បច្ចុប្បន្នពួកគាត់បានធ្វើដំណើរកាត់តាមខេត្តក្រចេះ ដែលមានចម្ងាយពីភូមិទៅខេត្តក្រចេះប្រមាណ៧០គីឡូម៉ែត ប៉ុន្តែត្រូវបានក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចដាក់ ប៉ារ៉ាស់បិទផ្លូវយកប្រាក់ជាច្រើនកន្លែង។ អ្នកស្រីបាននិយាយទៀតថា ក្រុមហ៊ុនវិរិយោគដីសម្បទានសេដ្ឋកិច្ចមួយ ឈ្មោះ តុងមិន ដែលមានទីតាំងនៅភូមិ ស្រែត្រែងឃុំក្បាលដំរីស្រុកសំបូរខេត្តក្រចេះ បានដាក់ប៉ារ៉ាស់ ជំរិតទារប្រាក់ពីពួកគាត់ដែលឆ្លង់កាត់ទីនោះម្ដងចំនួន២០.០០០រៀល( ពីរម៉ឺនរៀល) ទើបគេអោយឆ្លង់បើមិនបង់ប្រាក់គឺក្រុមសន្តិសុខមិនអនុញ្ញាតឲ្យឆ្លងទេទោះបីមានគ្រោះអាសន្នឈឺស្កាត់យ៉ាងណាក៏ដោយ ។
អ្នកស្រីបានបន្តទៀតថា ពួកគាត់បានមករស់នៅភូមិអន្ទ្រង់សែនជ័យតាំងពីឆ្នាំ១៩៩៣មកម្លេះ ដោយបានប្រើប្រាស់ផ្លូវមួយខ្សែរនេះតាំងពីមិនទាន់មានក្រុមហ៊ុន តុងមិន ម្លេះ គឺផ្លូវមួយខ្សែនេះជាផ្លូវចាស់ស្រាប់ពុំមែនជាផ្លូវរបស់ក្រុមហ៊ុនមកឈូសឆាយថ្មីនោះទេ ពួកគាត់សុំសំណូមពរដល់អាជ្ញាធរទាំងពីខេត្តមេត្តាជួយពិនិត្យនិងសម្រួលបអោយពួកគាត់បានផ្លូវនោះប្រើប្រាស់ដោយមិនបង់លុយ ព្រោះភូមិពួកគាត់នៅឆ្ងាយដាច់ស្រយាលពុំមានផ្លូវធ្វើដំណើរទេ ។
អភិបាលស្រុកពេជ្រាដា លោក នួន សារ៉ន បានច្រានចោលថា លោកពុំមានសិទ្ធសំរេចយ៉ាងណានោះទេ ព្រោះទីតាំងរបស់ក្រុមហ៊ុន តុងមិន មិនមែនស្ថិតនៅក្នុងដែនរដ្ឋបាលស្រុកពេជ្រាដា ទោះយ៉ាងណាលោកនិងពាំនាំសំណូមពររបស់ពលរដ្ឋជូនទៅអភិបាលខេត្តដើម្បីរកដំណោះស្រាយ៕