ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានបញ្ចាក់ថា កូរ៉េខាងជើងកំពុងរងការគំរាមកំហែង ហើយអំពាវនាវដល់ពិភពលោកទាំងមូលមានវិធីសាស្ត្រ សន្តិភាព ដើម្បីដោះស្រាយភាពតានតឹង ក្នុងតំបន់។
ការអំពាវនាវរបស់រុស្ស៊ីកើតឡើងក្រោយពេលដែលកូរ៉េខាងជើង បានបាញ់មីស៊ីលកាលពីថ្ងៃទី១៤ខែឧសភា ដោយមីស៊ីលនោះហោះបានចម្ងាយ ៧០០គីឡូម៉ែត្រក៏ធ្លាក់ចូលសមុទ្រ ជប៉ុន តែមានចម្ងាយពីរុស្ស៊ីប្រមាន ជិត ១០០គីឡូម៉ែត្រប៉ុណ្ណោះ។ មីស៊ីលខាងលើមានឈ្មោះថា Hwansong12 អាចបំពាក់ក្បាលគ្រាប់បរមាណូ បាញ់ដល់ទឹកដីអាមេរិក។
ក្រោយការបាញ់មីស៊ីល ខាងលើ ក្រុមព្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានកោះប្រជុំបន្ទាន់មួយនៅថ្ងៃទី ១៦ខែឧសភា ពិភាក្សាពីសកម្មភាពរបស់កូរ៉េខាងជើង ដែលតែងតែបំពានច្បាប់អន្តរជាតិ។
ក្រោយកូរ៉េខាងជើង បាញ់មីស៊ីល អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសកូរ៉េខាងជើង ពីការបាញ់មីស៊ីលខាងលើ ហើយអំពាវនាវដល់ទីក្រុងព្យុងយ៉ាង បញ្ចប់កម្មវិធីអាវុធ ។ សារព័ត៌AFP បានដកស្រងសម្តី អគ្គលេខាធិការអង្គការសហប្រជាជាតិបាន ប្រកាសថា សកម្មភាពរបស់កូរ៉េខាងជើង គឺបំពាន់ច្បាប់ អន្តរជាតិ និងជាការគំរាមកំហែងដល់តំបន់ទាំងមូល ។ លោកបានអំពាវនាវដល់កូរ៉េខាងជើងបំពេញតាម កតព្វកិច្ចអន្តរជាតិ ហើយវិលត្រឡប់ ទៅកាន់វិថីគ្មានបរមាណូនៅឧប្បទ្វីបកូរ៉េ។
តាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ កូរ៉េខាងជើង ត្រូវបានហាមប្រាំអភិវឌ្ឍន៍កម្មវិធីកាំជ្រួចមីស៊ីលនិងបរមាណូ បើបំពាននឹងរងការដាក់ទណ្ឌកម្មពី សហគមន៍អន្តរជាតិ។
កាលពីឆ្នាំ២០១៦ អង្គការសហប្រជាជាតិ បានអនុម័តដាក់ទណ្ឌកម្មកូរ៉េខាងជើង ពីរផ្សេងគ្នា ក្នុងនោះបានរារាំងប្រភ័ពរូបិយវត្ថុអន្តរជាតិ ដែលអាចយកទៅទិញសម្ភារៈបរមាណូ នៅក្រៅប្រទេសបាន និងដាក់គំនៀបលើប្រព័ន្ធសេដ្ឋកិច្ចប្រទេសនេះ។ បច្ចុប្បន្នកូរ៉េខាងជើងកំពុងរងការដាក់ទណ្ឌកម្ម ដល់ទៅ ៦ ករណីផ្សេងគ្នាពីអង្គការសហប្រជាជាតិ ចាប់តាំងពីប្រទេសនេះ សាកល្បងគ្រាប់បែកបរមាណូ ដំបូង កាលពីឆ្នាំ២០០៦មកទលពេលនេះ។
នៅក្នុងសន្និសីទកាសែត ក្នុងទីក្រុងប៉េកាំង ពេលចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ ប្រធានាធិបតីរុស្ស៊ីលោកពូទីនបានបញ្ចាក់ថា «យើងប្រឆាំងនិងការពង្រីកកម្មវិធីបរមាណូនិងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង ។យើងចាត់ទុកការសាកល្បង មីស៊ីលទាំងនោះ គឺជារឿង អត់ប្រយោជន៍បង្ករភាពគ្រោះថ្នាក់នៅក្នុងតំបន់»។
ប្រធានាធិបតីពូទីនក៏បានស្នើរដល់កូរ៉េខាងជើង វិលត្រឡប់ចូលតុពិភាក្សាវិញដើម្បីបញ្ចប់ភាពតានតឹង ។
ក្នុងពេលជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិកលោកដូណាលត្រាំបានបញ្ចាក់ថា លោក មិនជឿថារុស្ស៊ីពេញចិត្តនិង សកម្មភាពរបស់កូរ៉េខាងចើងនោះឡើយនៅពេលដែលមីស៊ីលរបស់កូរ៉េខាងជើងធ្លាក់ចូលក្នុងតំបន់សមុទ្រ មានចម្ងាយមិនឆ្ងាយពីរុស្ស៊ីនោះ ៕


