ភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូឌុបគ្នគ្នាយ៉ាងលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុកគូទរថយន្តហុីយ៉ាន់ដាយពីក្រោយពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ទាំង២នាក់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើត
ឡើងកាលពីវេលាម៉ោង១១ និង៤៥នាទីយប់ ង្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចំណុចស្តុបច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បុរសរងគ្រោះទាំងពីរនាក់ខាងលើមិនស្គាល់អត្តសញ្ញាណនោះទេ ដោយពួកគាត់ជិះម៉ូតូមួយគ្រឿងឌុបគ្នា ហើយម៉ូតូម៉ាកស្មាក់រេវ៉ូ ពណ៌ខៀវ ពាក់ស្លាកលេខ ស្ទឹងត្រែង 1A-2018 ។ ចំណែក រថយន្តដែលចតនៅចំណីផ្លូវត្រូវម៉ូតូបុកពីក្រោយ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-1281 ។
បើប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេសង្កេតឃើញ មានរថយន្តហុីយ៉ាន់ដាយ បានចតនៅលើចំណីផ្លូវជាប់ស្ទុបច្បារអំពៅ ខណះពេលកើតហេតុ ក៏មានបុរស២នាក់ដែលរងគ្រោះខាងលើបានជិះម៉ូតូឌុបគ្នាតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ហើយចាប់ហ្វាំងមិនទាន់ក៏ជ្រុលចង្កូតទៅបុករថយន្តហុីយ៉ាន់ដាយពីក្រោយទាំងកំរោលតែម្ដង បណ្ដាលឲ្យបោកក្បាលនិងរថយន្តទាំង២នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ ចំណែកឯម៉ូតូបានរងការខូចខាតខាងមុខ។
ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនយកទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត្រភ្លាមៗ ដោយឡែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចមូលដ្ឋានដែលទទួលផ្នែកចរាចរណ៍ចុះមកធ្វើការវាស់វែង រួចប្រគល់ឲ្យសមត្ថកិច្ចនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញបន្តរងចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយតាមក្រោយ៕ ដោយ៖ភារ៉ា ដង្កោ