ភ្នំពេញ ៖ តារាសម្តែងស៊ិចស៊ីកញ្ញា ពេជ្រ អាវីហ្សា បានរៀបចំពិធីខួបកំណើតរបស់ខ្លួនដោយមិនបានព្រាងទុកមុនកាលពីរាត្រីថ្ងៃទី១៨ខែឧសភានេះនៅ ភោជនីយដ្ឋានមួយខាងក្រោយផ្សារសុវណ្ណា ។ អ្វីដែលនាងប្រាថា្នសុំនៅថ្ងៃខួបកំណើតគឺសេចក្តីសុខទាំងផ្លូវកាយនឹងផ្លូវចិត្តពិសេសសូមឲ្យជម្រះរឿងស៊យឆ្នាំចាស់ចេញ។
ពេជ្រ អាវីហ្សា ថានាងគ្មានគម្រោងរៀបចំពិធីខួបកំណើតអ្វីនោះទេ ព្រោះមិនចង់រំខានអ្នកសិល្បៈប៉ុន្តែដោយសារយោបល់ម្តាយធម៌របស់នាងឲ្យរៀបចំទើបនាងសម្រេចធ្វើមុនថ្ងៃខួប៣ទៅ៤ថ្ងៃមុនប៉ុណ្ណោះ។ នាងថាខួបកំណើតគម្រប់វ័យ២៧ឆ្នាំរបស់នាងបានអញ្ជើតែអ្នកជិតដិតប្រមាណ៥០នាក់ប៉ុណ្ណោះដែលភាគច្រើនជាអ្នកសិល្បៈហើយភ្ញៀវស្ទើរតែទាំងអស់គឺអញ្ជើញតាមទូរស័ព្ទនិងហ្វេសប៊ុក ប៉ុន្តែចំនួនភ្ញៀវលើសការកំណត់រហូតឲ្យនាងសម្រេចចិត្តថែមតុថ្មីទៀត។
នាងថាដើមឡើយការចំណាយនៃការរៀបចំគឺប្រមាណ ២ពាន់ដុល្លារអាមេរិក ប៉ុន្តែអាចនឹងលើសនេះបន្តិចព្រោះ តែភ្ញៀវច្រើនកុះករធ្វើឲ្យនាងរំភើបចិត្តនិងការស្រលាញ់រាប់អានពីពួកគេ។ នាងថាមុនថ្ងៃខួបកំណើតពីរថ្ងៃមុននេះនាងបានរៀបចំឲ្យមានកម្មវិធីមនុស្សធម៌គឺការចុះទៅចែកអំណោយដល់កុមារកំព្រានៅមជ្ឈមណ្ឌលកុមារកំព្រា ភ្នំពេញថ្មី។ នាងថាមួយរយៈក្រោយនេះនាងជួបបញ្ហាជាច្រើនទាំងរឿងជម្លោះស្នេហានិងជួបគ្រោះថ្នាក់ចរាចរណ៍ ហើយការធ្វើបុណ្យទាំងប៉ុន្មានគឺសុំឲ្យនាងជួបតែរឿងរ៉ាវល្អៗសម្រាប់ឆ្នាំថ្មី។
ពេជ្រ អាវីហ្សា លើកឡើងថាសម្រាប់ការងារសិល្បៈមួយរយៈពេលនេះនាងមិនជាមមាញឹកច្រើនទេ ព្រោះតែផលិតករយល់ថានាងទើបនឹងជួបរឿងចម្រូងចម្រាសជាមួយអតីតសង្សា ។ អ្វីដែលនាងបួងសួងសុំសម្រាប់ពិធីខួបកំណើតនេះគឺនាងចង់បានសេចក្តីសុខសុភមង្គលក្នុងក្រុមគ្រួសារប៉ុណ្ណោះមិនប្រាថ្នារឿងរ៉ាវស្នេហានោះទេ។ នាងរំពឹងដែរថាថ្មីនឺងនាំមកនូវរឿងរ៉ាវដែលល្អៗក្នុងជីវិត ពីសេសសុំឲ្យនាងជួបតែមនុស្សល្អៗ៕ វឌ្ឍនា