ខេត្តព្រះសីហនុ ៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ចុះបែងចែកដីឡូត៍ ក្នុងតំបន់ក្បាលឆាយ ជូនប្រជាពលរដ្ឋចំនួន១៥០គ្រួសារ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ជាលើក៤ហើយ។
ក្នុងឱកាសនេះលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានឲ្យដឹងថា គណៈកម្មការសម្របសម្រួលវាសវែងបែងចែកដី ជាក់ស្ដែងឲ្យពលរដ្ឋដែលរស់នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ដែលរដ្ឋបាលខេត្តបានឲ្យប្រជាពលរដ្ឋចាប់ឆ្នោតយកដីឡូត៍ជាលើកទី៤ បន្ទាប់ពីរដ្ឋបាលខេត្តព្រះសីហនុបានបែងចែកក្បាលដីឡូត៍ចំនួន៣លើករួចមកហើយ សរុបជាង៦៥៥ក្បាលដី ។
គួរបញ្ជាក់ថាលើកទី១ ក្នុងតំណាក់កាលទី១ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ រដ្ឋបាលខេត្តព្រះសីហនុ បានបែងចែកក្បាលដីឡូត៍ទំហំ៥ម៉ែត្រគុណ២០ម៉ែត្រ ជំហានដំបូងបានចំនួន១២៧ក្បាលដី។
លើកទី២ តំណាក់កាលទី២ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ រដ្ឋបាលខេត្តបានបែងចែកដីឡូត៍ជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅលើដីជាក់ស្ដែង ក្នុងតំបន់ព្រែកទឹកសាបក្បាលឆាយ បានបន្តបែងចែកការកាន់កាប់ដីជូនប្រជាពលរដ្ឋនៅសល់ចំនួន១២៨ក្បាលដីឡូត៍ ។
លើកទី៣ តំណាក់កាលទី៣ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ បានបន្តបែងចែក ដីជូនប្រជាពលរដ្ឋបន្តទៀតដែលកំពុងរស់នៅព្រែកទឹកសាបក្បាលឆាយ បានចំនួន១៩៩ ក្បាលដីឡូត៍។
លើកទី៤ ក្នុងតំណាក់កាលទី៤ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ គណៈកម្មការសម្របសម្រួលវាស់វែងរបស់រដ្ឋបាលខេត្តព្រះសីហនុ បាន បែងចែកចាប់ឆ្នោតចែកដីជូនប្រជាពលរដ្ឋរស់នៅជាក់ស្ដែងក្នុងតំបន់ក្បាលឆាយ ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបតំបន់ក្បាលឆាយ ជូនប្រជាពលរដ្ឋដែលរស់នៅតំបន់លិចទឹកចំនួន១៥០ក្បាលដីឡូត៍បន្ថែមទៀត ។
លោកអភិបាលបានមានមតិផ្តាំផ្ញើ និងសំណូមពរសូមឲ្យប្រជាពលរដ្ឋ អនុវត្តនូវច្បាប់កុំដើរចាប់ទន្ទ្រានយកដី និងការកាប់បំផ្លាញ់ព្រៃឈើ និងបញ្ជាក់ឲ្យដឹងថា ដីដែលចែកជូននាពេលនេះជាអំណោយដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹត្តបណ្ឌិត ដែលសម្តេចចែកជូនជាដីសម្បទាន ហើយដីនេះត្រូវរក្សាកាកាន់កាប់រយៈពល៥ ឆ្នាំទើបចេញប័ណ្ណកម្មសិទ្ធិជូន៕