ភ្នំពេញ៖ជនដៃដល់មិនស្គាល់មុខ២នាក់ក្នុងចំណោមបក្ខពួកមួយក្រុមបានធាក់ទម្លាយទ្វារបន្ទប់ ហើយបានប្រើដែកច្នៃចុងស្រួចមកចាក់ចំទ្រូងជនរងគ្រោះផ្នែកខាងឆ្វេងរងរបួសធ្ងន់ ហើយបានស្លាប់នៅមុខបន្ទប់បន្ទាប់ពីដើរចេញមករកគេជួយ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងបុរីសន្តិភាព២ ស្ថិតក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ។
ជនរងគ្រោះដែលត្រូវគេចាក់ស្លាប់មានឈ្មោះ វន ផាន ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មកររោងចក្រវែលប៊េស មានស្រុកកំណើតនៅភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។
បើតាមប្រភពព័ត៌មានពីបុរសម្នាក់ឈ្មោះ សំ វីរៈ អាយុ១៩ឆ្នាំ ជាមិត្តភក្តិដែលធ្វើការនៅរោងចក្រជាមួយគ្នាបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះរថយន្តដឹកកម្មករពីខេត្តតាកែវមកភ្នំពេញជាងរៀងរាល់ថ្ងៃ ហើយកាលពីប៉ុន្មានថ្ងៃមុនធ្លាប់មានទំនាស់ជាមួយនិងក្រុមស្ទាវមួយក្រុម លុះពេលមកដល់ចំណុចក្បែរនិងរោងចក្រវេល ប៊េស ជនរងគ្រោះក៏បានទូរស័ព្ទមកប្រាប់ថា មានគេចង់ធ្វើស៊ី ហើយក៏សុំយកម៉ូតូម៉ាកនិច ពណ៌សរបស់ខ្លួនដើម្បីជិះដើររកមិត្តភក្តិមកជួយតែមិនទាន់បានរកអ្នកជួយផងក៏ជួបជនសង្ស័យ៤-៥នាក់ ជិះម៉ូតូមិនចាំម៉ាកតែចាំបានតែម៉ូតូម៉ាកស្កុបពី១គ្រឿង មិនចាំស្លាកលេខ ដែលធ្លាប់មានទំនាស់ជាមួយគ្នាកាលពី៣-៤ថ្ងៃមុនក៏ស្រាប់តែត្រូវជនសង្ស័យទាំង២នាក់ក្នុងចំណោមបក្ខពួកមួយ ក្រុមដេញវាយតាមផ្លូវរហូត ផ្តួលម៉ូតូចោលរត់ទៅចូលនៅក្នុងបុរីសន្តិភាព២ ដើម្បីរកគេជួយតែគ្មានអ្នកណាជួយរួចក៏រត់ចូលទៅក្នុងបន្ទប់ជួលដែលនៅក្បែរហើយខ្ទាស់គន្លឹះពីក្នុងតែត្រូវជនសង្ស័យទាំង២នាក់ធាក់ទម្លាយទ្វារចូលមកវាយហើយ ប្រើដែកច្នៃស្រួចចាក់ចំដើមទ្រូងខាងឆ្វេង២កន្លែងរងរបួសធ្ងន់ហូរឈាមដូចងូតទឹក ឯជនដៃដល់ទាំង២នាក់នោះរត់គេចខ្លួនបាត់ស្រមោល។បន្ទាប់មកដោយមានឈាមហូរច្រើនពេកហើយសភាពរបួសកាន់តែធ្ងន់ជនរងគ្រោះបានខំប្រឹងងើបដើរ ចេញមកក្រៅបន្ទប់ទាំងទន់ដៃទន់ជើងក៏ដួលស្លាប់នៅមុខបន្ទប់តែម្តង ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីដួលស្លាប់នៅមុខបន្ទប់ (ឈ្មោះ សំ វីរៈ) ដែលបានមកឃើញ ហើយក៏ទូរស័ព្ទហៅមិត្តភក្តិមកជួយដឹកចេញពីកន្លែងកើតហេតុក្នុងបុរីសន្តិភាព២ ចេញតាមបណ្តោយផ្លូវ៣០ម៉ែត្រ ជាប់ព្រំប្រទល់ខណ្ឌ ពោធិ៍សែនជ័យដើម្បីយកទៅឱ្យពេទ្យជួយសង្គ្រោះប៉ុន្តែនៅតាមផ្លូវមានមន្ទីរពេទ្យឯកជនមិនព្រមទទួលព្រោះថារបួសធ្ងន់ពេកហើយក៏មើលសភាពទៅដូចជាគ្មានសង្ឃឹមដែរ ក៏បន្តដឹកមកតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ដល់មន្ទីរសម្រាក ព្យាបាល និងសម្ភព ស័ង្កម៉ារី ក៏ត្រូវក្រុមគ្រូពេទ្យប្រាប់ថា ស្លាប់បាត់យូរហើយ ។ ភ្លាមៗក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍នៅកន្លែងកើតហេតុ និងសួរនាំ ដើម្បីស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ។
ក្រោយពេលកើតហេតុសពត្រូវបានអ្នកជំនាញកោសល្យវិច័យ មកធ្វើការត្រួតពិនិត្យសព រួចហើយសមត្ថកិច្ចបានប្រគល់ទៅអោយសាច់ញាត្តិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕
ដោយ៖ ភារ៉ា ដង្កោ