ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលាខេត្តបាត់ដំបងមានប្រកាសសមាសភាពថ្នាក់ដឹកនាំអតីតយុទ្ធជន ក្រោមអធិបតីភាព លោកនាយឧត្តម សេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមន៏អតីតយុទ្ធជន និង លោក ចាន់ សុផល គណៈអភិ បាលខេត្តបាត់ដំបង។ ពិធីនេះក៏បានការចូលរួមផងដែរ ពីមន្ត្រីថ្នាក់ដឹកនាំសមាគមន៏អតីតយុទ្ធជន និវត្តន៏ជន និងគ្រួសារអតីតយុទ្ធជនប្រមាណជាង៥០០គ្រួសារ។
តាមសេចក្តីសម្រេច លោក ឧត្តមសេនីយ៍ត្រី អ៊ុក ឃ្នួច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបាត់ដំបង ត្រូវបានប្រកាសទទួលស្គាល់ជាប្រធានសមាគមន៏អតីតយុទ្ធជនខេត្តបាត់ដំបង និងអមដោយអនុប្រធានមកពីស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរអតីតយុទ្ធជនខេត្ត និងសមាជិកគណៈកម្មាធិការមួយចំនួនទៀត។
លោកប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជនខេត្តបាត់ដំបងបានរាយការណ៏ឲ្យដឹងថា គិតត្រឹមខែកញ្ញាឆ្នាំ២០១៥ អតីតយុទ្ធជន និង គ្រួសារយុទ្ធជនរបស់ខេត្តបាត់ដំបង ដែលកំពុងទទួលរបបឧបត្ថម្ភមានចំនួន១.១១៣នាក់ ក្នុងនោះចំណាយការឧបត្ថម្ភក្នុងមួយខែសរុប៣.៤៩៤.៨៧៤.៧៦៣រៀល។
នៅក្នុងឱកាសនោះ បន្ទាប់ពីលោកនាយឧត្តមសេនីយ៏ ភួង ស៊ីផាន អគ្គលេខាធិការរងសមាគមន៏អតីតយុទ្ធជន បានលើកឡើងពីទិសដៅបន្តការអនុវត្តភារកិច្ចរបស់សមាគមន៏អតីតយុទ្ធជនកម្ពុជា និងមតិគូសបញ្ជាក់របស់លោក ចាន់ សុផល គណៈអភិបាលខេត្តបាត់ដំបងនូវសកម្មភាពការងារអតីតយុទ្ធជនរបស់ខេត្តរួចមក លោកនាយឧត្តមសេនីយ៌ គន់ គីម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការសមាគមន៏អតីតយុទ្ធជនចាស់ ដែលបានខិតខំបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវ និង ទទួលបានស្នាដៃគួរជាទីមោទនៈ។
លោក នាយឧត្តមសេនីយ៏ គន់ គីម បានផ្តាំផ្ញើដល់មន្ត្រីសមាគមន៏គ្រប់ថ្នាក់ ត្រូវគោរព និងអនុវត្តន៏ឲ្យបានត្រឹមត្រូវ តាមលក្ខ័ន្តិកៈរបស់សមាគមន៏ ទាំងរបៀបរបបធ្វើការតាមគោលការណ៏ប្រជាធិបតេយ្យប្រមូលផ្តុំ សមូហភាពជាអ្នកដឹកនាំ បុគ្គលទទួលខុសត្រូវ ហើយគណៈកម្មាធិការគ្រប់ថ្នាក់ត្រូវអនុវត្តការប្រជុំឲ្យបានទៀងទាត់តាមការកំណត់។
ដោយឡែកនៅក្នុងប្រសាសន៏សំណេះសំណាលជាមួយអតីតយុទ្ធជន និវត្តជន និង គ្រួសារអតីតយុទ្ធជនលោកនាយឧត្តមសេនីយ៏ គន់ គីម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយបានសំដែងនូវការគោរពដឹងគុណចំពោះពលិកម្ម និងគុណបំណាច់ដ៏ថ្លៃថ្លារបស់បងប្អូននាពេលកន្លងមក ដើម្បីជាតិមាតុភូមិ ។
នៅក្នុងឱកាសនោះដែរ លោកនាយឧត្តមសេនីយ៏ គន់ គីម បានបើកប្រាក់បេឡាមរណៈសង្គ្រោះដល់គ្រួសារអតីតយុទ្ធជនចំនួន១៣៨គ្រួសារ ដោយក្នុងមួយគ្រួសារបានប្រាក់ឧបត្ថម្ភចំនួន៤លានរៀល និងបានឧបត្ថម្ភបន្ថែមដល់សមាជិកចូលរួម៥០២នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ១០គីឡូក្រាម និង ថវិការចំនួន៥ម៉ឺនរៀល ៕