រដ្ឋាភិបាលថៃ កាលពីថ្ងៃទី២៨ ខែកញ្ញា បានប្រកាសឲ្យដឹងថា ការវាយប្រហារគ្រាប់បែកនៅព្រះវិហារ Erawan ក្នុងក្រុងបាងកកកាលពីខែសីហា កន្លងមក គឺជាការសងសឹកទៅលើរដ្ឋាភិបាលដែលបានបោសសម្អាតក្រុមបងធំជូញដូមនុស្ស ។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែត អ្នកនាំពាក្យគណៈកម្មការសន្តិភាព និងសណ្តាប់ធ្នាប់ជាតិ NCPO លោក Winthai Suwaree បញ្ជាក់ថា មន្ត្រីស៊ើបអង្គេតមិនអាចបោះបង់ចោលការសង្ស័យណាមួយនោះឡើយ បើទោះបីមិនទាន់មានភ័ស្តុតាំងជាក់លាក់ពីការវាយប្រហារគ្រាប់បែកនោះក្តី ។
តាមប្រសាសន៍ លោក Winthai មកទល់ពេលនេះ រដ្ឋាភិបាលចាប់បានជនសង្ស័យ ឈ្មោះAdem Karadak និង Mieraili Yusufu ជាមនុស្សពីរនាក់ក្នុងចំណោម១៧នាក់ប្រឈមនឹងការចាប់ខ្លួនពីបទជាប់ពាក់ព័ន្ធនឹងការវាយប្រហារគ្រាប់បែក ។
លោក Winthai បញ្ជាក់ទៀតថា ជនជាប់ចោទ Karadak និងYusufu ពេលនេះមិនទាន់ដឹងថា មានសញ្ជាតិណានោះឡើយ ប៉ុន្តែបានសារភាពពីបទល្មើសរបស់ខ្លួន ហើយបានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីសម្តែងជាថ្មីឡើងវិញពីសកម្មភាពវាយប្រហារ ។ ការសម្តែងឈុតឆាក់ឡើងវិញពិសកម្មភាពវាយប្រហារ គឺដូចទៅនឹងលទ្ធផលដែលបានស្រាវជ្រាវ ។
ការវាយប្រហារគ្រាប់បែកកាលពីថ្ងៃតី១៧ ខែសីហា សម្លាប់មនុស្ស២០នាក់ និងជាង១២០នាក់រងរបួសនៅព្រះវិហារសាសនាហិណ្ឌូក្នុងក្រុងបាងកក។ ចំណែកការបំផ្ទុះគ្រាប់បែកជាលើកទីពីរ នៅថ្ងៃទី១៨ ខែសីហា មិនបណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួសនោះឡើយ ៕
ប្រែសម្រួល៖ ម៉ែវ សាធី