ខេត្តបាត់ដំបង៖ ផ្ទះវេរប្រាក់វីងមួយកន្លែងក្នុងស្រុកមោងប្ញស្សីត្រូវបានក្រុមចោប្លន់មានគ្នា២នាក់ប្រដាប់ដោយអាវុធវែងខ្លីចំនួន២ដើមបានសម្រុកចូលប្លន់យកទ្រព្យសម្បត្តិ និងវាយម្ចាសផ្ទះបណ្តាលឱ្យរងរបួសយ៉ាងដំណំម្នាក់ បន្ទាប់មកក្រុមចោរប្លន់បាននាំគ្នារត់គេចខ្លួនបាត់អស់ក្រោយពីសមត្ថកិច្ចឈរជើងនៅក្បែរនោះបាញ់បង្អើលចំនួន២ទៅ៣គ្រាប់ ។
ក្រុមចោរប្លន់ប្រដាប់ អាវុធ២នាក់នោះត្រូវគេរាយការណ៍ឱ្យដឹងថា មានម្នាក់បិទម៉ាសមុខកាន់កាំភ្លើងខ្លីនិងម្នាក់ទៀតជាអ្នកកាន់កាំភ្លើងវែងមិនបិទមុខនោះទេ ។ហេតុការណ៍នេះកើតឡើងកាលពីវេលា ម៉ោង១៧និង០៥នាទីល្ងាច ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅភូមិកាឡោមភ្លុក ឃុំព្រៃស្វាយស្រុកមោង ឫស្សី ខេត្តបាត់ដំបង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចនៅ កន្លែងកើតហេតុបាន ឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះប្តីមាន ឈ្មោះ រដ្ឋ ធី ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរ វេរប្រាក់វីង និងលក់សាច់ឆ្កែ ហើយបុរសជាប្តីត្រូវបានក្រុមចោរប្លន់យកកាំភ្លើងវាយចំក្បាលបណ្តាលឱ្យរងរបួសយ៉ាងដំណំចំណែកប្រពន្ធមានឈ្មោះរ៉ែម ម៉ារ៉ា អាយុ៣៤ឆ្នាំ ម្ចាស់ផ្ទះរងគ្រោះបច្ចុបប្បន្នរស់នៅភូមិឃុំខាងលើ ។
បើតាមប្រភពព័ត៌មានដែលប្រាប់ឱ្យដឹងទៀតថាមុនពេលកើតហេតុគឺម្ចាស់ផ្ទះ ២នាក់ប្តីប្រពន្ធកំពុងតែនៅក្នុងផ្ទះបន្ទាប់មកស្រាប់តែមានមនុស្សប្រុស២នាក់ដើរសម្រុកចូលផ្ទះរបស់ជនរងគ្រោះហើយទាញកាំភ្លើងភ្ជង់ម្ចាស់ផ្ទះកុំឱ្យស្រែកហើយក្រុមចោរប្លន់ ពួកគេក៏គំរាមហើយវាយម្ចាស់ផ្ទះជាប្តីបណ្តាលឱ្យរងរបួសដោយបង្ខំម្ចាស់ផ្ទះប្រគល់ប្រាក់ឱ្យពួកគេបើមិនដូចច្នេះទេមិនទុកជីវិតនោះឡើយ ។ នៅពេលនោះម្ចាស់ផ្ទះក៏បានប្រគល់ប្រាក់ទៅឱ្យក្រុមចោរប្លន់ ទន្ទឹមនោះដែរក៏មានកម្លាំងអាវុធហត្ថម្នាក់ប្រចាំការនៅក្បែរកន្លែងកើតហេតុបានទៅជួបប្រទះ ក៏ប៉ុន្តែនៅពេលនោះខ្លាចប៉ះពាល់ដល់អាយុជីវិតម្ចាស់ផ្ទះកម្លាំងអាវុធហត្ថម្នាក់នោះបានបង្ខំចិត្តបាញ់ឡើងលើគំរាមចោរប្លន់២ទៅ៣គ្រាប់ បន្ទាប់មកក្រុមចោរប្លន់ក៏រត់ចេញតាមក្រោយផ្ទះ កាត់តាមវាលស្រែរត់គេចខ្លួនបាត់អស់ដោយសុវត្ថិភាព។
បើតាមប្រភពព័ត៌មានដដែលប្រាប់ឱ្យដឹងទៀតថា ទ្រព្យសម្បត្តិដែលបាត់បង់នៃអំបើប្លន់នោះ រួមមានប្រាក់ខ្មែរ ១លាន៥សែនរៀល ប្រាក់ថៃ ១មឺន៥ពាន់ បាត និងប្រាក់អាមេរិច២០០ ដុល្លារ ។
បើតាមសេចក្តីរាយការណ៍ឱ្យដឹងទៀតថា ក្រោយពីអំពើប្លន់នោះភ្លាមគេសង្កេតឃើញមានកម្លាំងសមត្ថកិច្ចចម្រុះបានចុះទៅដល់ទីកើតហេតុហើយធ្វើការត្រួតពិនិត្យតាមជំនាញ ក៏ប៉ុន្តែមកដល់ពេលនេះសមត្ថកិច្ចពុំទាន់កំណត់មុខសញ្ញាក្រុមចោរប្លន់ទាំងនោះនៅឡើយនោះទេ។
សូមបញ្ជាក់ថានេះជាអំពើប្លន់ប្រដាប់អាវុធលើកទី២ហើយនៅខេត្តបាត់ដំបង ក្រោយពីករណីប្លន់លើកទី១បានកើតឡើងនៅស្រុកសង្កែ ៕
ដោយ៖ វិច្ឆិកា