ភ្នំពេញ៖ នារីម្នាក់ក្រោយពីប្តីវាយរងរបួសជាំភ្នែកថ្ពាលខាងឆ្វេងយ៉ាងដំណំ ការពីកាលពីម៉ោងជិត៩យប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចបន្ទប់ផ្លូវរថភ្លើង ក្រុមទីភូមិទួល សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ លុះព្រឹកឡើងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ហៅប្តីខ្លួនមកអប់រំ ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលសង្កែបានឲ្យដឹងថា នារីដែលមកដាក់ពាក្យបណ្តឹងខាងលើមានឈ្មោះ រ៉េន នាង អាយុ២៧ មានមុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិរាប ស្រុកពារាំង ខេត្តព្រៃវែង ចំណែកឯប្តីឈ្មោះ រឿនសា រ៉នអាយុ២៧ឆ្នាំ មានមុខរបរជាងសំណង់ស្នាក់នៅកន្លែងកើតហេតុខាងលើ អ្នកទាំង២នៅជាមួយគ្នាបាន៧ឆ្នាំមកហើយដោយមានមានកូនប្រុសស្រីចំនួន២នាក់នៅក្នុងបន្ទុក កូនប្រុសបង អាយុ៧ឆ្នាំ និងកូនស្រីអាយុ២ឆ្នាំ ។
បើតាមសម្តីនារីរងគ្រោះជាប្រពន្ធបានរៀបរាប់ទាំងអួលដើមកថា នៅមុនពេលកើតហេតុរូបនាងបានចេញពីធ្វើការនៅម៉ោង៦ល្ងាច នៅពេលមកដល់បន្ទាប់ជួលមិនឃើញប្តីនៅផ្ទះ បានយកទូរសព្ទ័ខលទៅរកប្តីនៅពេលតេចូលប្តីបានប្រាប់ថាជាប់រវល់ផឹកស៊ី នៅផ្ទះមិត្តភក្តិ
នៅឯម្តុំផ្សារពោធិ៍ចិនតុង ហើយក៏បិតទូរសព្ទ័ទើបនៅម៉ោងប្រហែលជាង៧យប់ ទើបឃើញប្តីគាត់ត្រឡប់មកផ្ទះជួលវិញហើយបានផឹកស៊ីបន្តទៀតនៅក្បែរផ្ទះជាមួយបងប្អូននៅ លុះដល់ម៉ោងជិត៨ បានបែកគ្នាចូលដេករៀងៗខ្លួនអស់ទៅ ។
នារីជាប្រពន្ធបានបន្តទៀតថា រូបគាត់បានហៅប្តីគាត់ចូលសំរាន ខណៈពេលចូលសំរានដោយក្រាលកំរាលពូកនោះធំជាងគ្រែទើបបណ្តាលអោយដាក់ជើងមុងមិនចូលក្នុងមុងដេកមិនលក់ ។
នារីជាប្រពន្ឌបានអោយប្តី ងើបសិនដើម្បីរើកំរាលពូកក្រាលម្តងទៀត ពេលនោះប្តីមិនព្រមងើប ហើយខ្លួនបានស្តីបន្ទោសយ៉ាងចាស់ថា មួយថ្ងៃៗអោយតែចេញពីធ្វើការគឺដឹងតែផឹករហូត និងទើបតែមកពីជួបស្រី ហើយចូលផ្ទះយប់រាល់ថ្ងៃ។
នារីរងគ្រោះបន្តថា បុរសជាប្តីដោយឮប្រពន្ធបានស្តីបន្ទោសយ៉ាងខ្លាំង និងជេប្រម៉ាតតវិញនឹងឡើងជិះពីលើប្រពន្ធ ហើយដាល់ចំភ្នែក និងថ្ពាល់ខាងឆ្វេងបណ្តាលអោយ ហើមជាំហើយត្រូវបានបងប្អូននៅបន្ទប់ជួលជិតខាងជួយទាន់បំបែកចេញពីគ្នាទាំងយប់ ក៏ស្ងាត់ទៅ ។
លុះព្រឹកឡើងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ នារីជាប្រពន្ធបានជិះម៉ូតូឌុបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែអោយអន្តរាគមន៍ ហើយនារីជាប្រពន្ធបានអះអាងថាឈប់យកបុរសនោះជាប្តីទៀតហើយ ៕
ដោយ៖ ជ្រោយពេជ្រ