ខេត្តបាត់ដំបង៖ បុរសម្នាក់គ្មានភារកិច្ច និងតួនាទីប្រើប្រាស់អាវុធត្រូវបាននគរបាលស្រុកភ្នំព្រឹកចេញទៅចាប់ឃាត់ខ្លួនពាក់ព័ន្ធនឹងការរក្សាទុកអាវុធខុសច្បាប់ ។
ការឃាត់ខ្លួនបុរសង្ស័យ សមត្ថកិច្ចធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ក្រោយពីប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចឃើញបុរសង្ស័យរូបនេះមានកាំភ្លើងអាកាបត់១ដើមរក្សាទុកនៅក្នុងផ្ទះ ស្ថិតនៅក្នុងភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
បុរសសង្ស័យបន្ទាប់ពីឃាត់ខ្លួននៅថ្ងៃដដែលត្រូវបាននគរបាលស្រុកភ្នំព្រឹកចាប់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកដើម្បីយកមកសាកសួរនិងអនុវត្តតាមនីតិវិធីច្បាប់ ។ បុរសសង្ស័យមានឈ្មោះ ឃុន ប៊ុនរិទ្ធ អាយុ៤២ឆ្នាំ មានមុខរបរបរត់ម៉ូតូឌុប បច្ចុប្បន្នរស់ នៅភូមិឃុំខាងលើ ។
លោកវរសេនីយ៍ត្រី សារ៉េត វិសេដ្ឋ អធិការរងទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកប្រាប់ឱ្យដឹងថា កាំភ្លើង អាកាបត់១ដើមសមត្ថកិច្ចដកហូតយកមករក្សាទុកគឺផលិតនៅប្រទេសចិនមាន លេខ៩៥១៥ បង់ចំនួន២ គ្មានគ្រាប់ នៅមានគុណភាព ៧០ភាគរយ ។
នៅចំពោះមុខសមត្ថកិច្ចបុរសសង្ស័យឈ្មោះ ឃុន ប៊ុនរិទ្ធ ឆ្លើយសារភាពថា កាំភ្លើងនោះគឺគាត់ទទួលបានការបញ្ញើពីលោកជា វុទ្ធី អតីអនុប្រធានការិយាល័យគយនិងរដ្ឋាការច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹកបច្ចុប្បន្នលោកជាប្រធានការិយាល័យគយនិងរដ្ឋាករច្រកតំបន់ភ្នំដី ស្រុកសំពៅលូន ។ ក៏ប៉ុន្តែជុំវិញបញ្ហាកាំភ្លើងមួយ១ដើមនេះ ត្រូវបានលោក ជា វុទ្ធី ប្រធានការិយាល័យគយ និងរដ្ឋាករច្រកតំបន់ភ្នំដី ស្រុកសំពៅលូន ប្រាប់ឱ្យដឹងថា លោក សូម បដិសេធន៍ មិនជាប់ពាក់ព័ន្ធនិងកាំភ្លើងនោះឡើយ ។
បុរសសង្ស័យខាងលើ ក្រោយពីកម្លាំងនគរបាលសាកសួរ និងបំពេញសំណុំរឿងចប់សព្វគ្រប់ នៅព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ បានចាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ សំ វិច្ឆិកា