អធិការស្រុកស្ទោងឃាត់មនុស្ស២នាក់ និងរថយន្តស្ទូច១គ្រឿងចោទទាំងបំពានគ្មានការពិតថា បង្កគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង៥និង៥នាទីល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ មនុស្ស២នាក់ត្រូវបានឃាត់ខ្លួន ជាមួយរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងដោយកម្លាំងនគរបាលចរាចរណ៍ស្រុកស្ទោង ខេត្តកំពង់ធំ ដោយចោទប្រកាន់ថា រថយន្តខាងលើនេះបានបង្កគ្រោះថ្នាក់ចរាចរណ៍ បើកកៀរម៉ូតូបណ្តាលឲ្យជនរងគ្រោះរបួស ដោយខាងសមត្ថកិច្ចសំអាងថា មានសាក្សីបានឃើញ និងហ៊ានស្បថថែមទៀត ។

ជនរងគ្រោះ២នាក់ និងរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-0923 ត្រូវបានសមត្ថកិច្ចនាំមកអធិការដ្ឋាននគរបាលស្រុកស្ទោង ។

ពាក់ព័ន្ធនឹងករណីនេះ លោកអធិការនគរបាលស្រុកស្ទងបានប្រាប់នគរវត្តនាព្រលប់ថ្ងៃដដែលនេះថា ការឃាត់ខ្លួននេះ ដោយសារតែសំអាងទៅលើសាក្សី បានឃើញហេតុការណ៍ ហើយក៏បានឆ្លងយោបល់ទៅព្រះរាជអាជ្ញាផងដែរ ។ លោកអធិការបន្តថា បើមានសាក្សីហើយ ពិតជាមិនអាចដោះលែងបានទេ ចាំបាច់ត្រូវតែអ្នកបើកបរ ទទួលខុសត្រូវសំណង និងទៅសួរសុខទុក្ខអ្នកជំងឺដល់មន្ទីរពេទ្យ ។

បុរសឈ្មោះ ប្រាជ្ញ គន្ធី អាយុ៣០ឆ្នាំ ដែលត្រូវជាអ្នកបើកបរបានអះអាងប្រាប់នគរវត្តថា ខ្លួនមិនបានបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ដូចការចោទប្រកាន់របស់សមត្ថកិច្ច និងការអះអាងពីសាក្សីនោះទេ ។ បុរសរូបនេះបន្តថា ពេលដែលខ្លួនសួរសាក្សី ហេតុអីបានដឹងថា ឡានរបស់គាត់បង្កគ្រោះថ្នាក់ចរាចរណ៍ ។ សាក្សីរូបនេះគ្រាន់តែបញ្ជាក់ថា មានឃើញមនុស្សបើកម៉ូតូដួល ហើយក្រោយមកក៏ឃើញថា ឡានស្ទូចនេះ នៅខាងមុខ ដូច្នេះប្រហែលជារថយន្តនេះ អាចបង្កគ្រោះថ្នាក់ចរាចរណ៍ ។

ជនរងគ្រោះដែលសមត្ថកិច្ចបន្តថា ខ្ញុំជាខ្មែរ ហ៊ានស្បថ ដោយការចោទប្រកាន់នេះមិនពិត ម្យ៉ាងទៀត ខ្ញុំមិនបានបង្កគ្រោះថ្នាក់ចរាចរណ៍ផង ហេតុអ្វីក៏តម្រូវឲ្យទៅសម្របសម្រួលជាមួយជនរងគ្រោះដែលជាមនុស្សដទៃផ្សេងពីគ្នា មិនមានហេតុការណ៍អ្វីសោះ?

បើទោះជាមានការលើកឡើងបែបនេះក៏ដោយ សមត្ថកិច្ចបានប្រើសិទ្ធិរបស់ខ្លួនក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ឃាត់ខ្លួនតៃកុងឡាន និងព្រូនៅអធិការនគរបាលស្រុកស្ទោងទាំងបំពាន ដោយសំអាងថា ករណីនេះ បានឆ្លងយោបល់ព្រះរាជអាជ្ញារួចហើយ ។

លោក កែវ ធី ស្នងការរងនគរបាលខេត្តកំពង់ធំទទួលបន្ទុកសណ្តាប់ធ្នាប់បានប្រាប់នគរវត្តថា ពិតជាមានករណីឃាត់រថយន្តខាងលើនេះពិតប្រាកដមែនកាលពីល្ងាច ដោយសមត្ថកិច្ចទទួលដំណឹងពីសាក្សីហើយសាក្សីបានទៅជាមួយសមត្ថកិច្ចចង្អុលបង្ហាញរថយន្តនោះថែមទៀត ដូច្នេះរឿងនេះតូចតាចទេ គួរតែទៅមើលជនរងគ្រោះ និងសម្របសម្រួលគ្នាបញ្ចប់បញ្ហាទៅ ។

ដោយឡែក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំបានប្រាប់នគរវត្តតាមទូរស័ព្ទថា ខាងនគរបាលបានរាយការណ៍ថា រថយន្តនោះមិនបានបុកបង្កគ្រោះថ្នាក់ចរាចរណ៍ទេ ប៉ុន្តែកៀរម៉ូតូបណ្តាលឲ្យរងរបួសតិចតួច ដូច្នេះមិនមែនជាបញ្ហាធំដុំទេ ដោះស្រាយសម្របសម្រួលគ្នាបញ្ចប់ទៅ ចៀសវាងខាតពេលវេលារកស៊ី ។

នេះចាត់ទុកថាជាល្បិចរបស់សមត្ថកិច្ចធ្វើតាមទម្លាប់ ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ បើទោះជាសាក្សីពេលនេះ មិនមែនជាសាច់ញាតិរបស់សមត្ថកិច្ថ ឬជនរងគ្រោះក៏ដោយ ប៉ុន្តែដើម្បីធ្វើបាបមនុស្ស ការឃាត់ខ្លួនច្រឡំដើម្បីលាងកំហុសរបស់ខ្លួន បែរជាបង្កើតបញ្ហា ធ្វើឲ្យមនុស្សដែលគ្មានកំហុសទាល់តែសោះក្លាយទៅជាជនរងគ្រោះ ផ្ទុយទៅនឹង ក្នុងនាមខ្លួនជាមន្ត្រីនគរបាលយុត្តិធម៌ ដោយសំអាងទៅលើសិទ្ធិឃាត់ខ្លួនមនុស្ស៤៨ម៉ោងនេះ ។ ប៉ុន្តែជនរងគ្រោះបានអះអាងថា ខ្លួននឹងរង់ចាំភាពយុត្តិធម៌ បើទោះជាសមត្ថកិច្ចចោទទាំងបំពានក៏ដោយ ហើយការបង្ខំឲ្យទៅមើលជនរងគ្រោះដែលមិនបានពាក់ព័ន្ធជាមួយនឹងខ្លួនបង្កគ្រោះថ្នាក់ចរាចរណ៍ គឺមិនត្រូវទៅមើល ពីព្រោះថា បើទៅមើលជនរងគ្រោះតាមបញ្ជាដោយបង្ខំពីនគរបាល មានន័យថា សមត្ថកិច្ចឃាត់ខ្លួនពួកគេ ពិតជាត្រូវ ហើយពួកគេពិតជាបានបង្កគ្រោះថ្នាក់ចរាចរណ៍ ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print