ខេត្តបន្ទាយមានជ័យ៖ ជនជាតិវៀតណាមចំនួន៨គ្រួសារ ស្មើនិង២៥នាក់រស់នៅក្នុងស្រុកក្រុង៥ របស់ខេត្តបន្ទាយមានជ័យ រួមមានក្រុងសិរីសោភ័ណ ស្រុកមង្គលបុរី ស្រុកព្រះនេត្រព្រះ ស្រុកស្វាយចេក និងស្រុកថ្មពួកត្រូវបានក្រុមការងារនគរបាលអន្តោប្រវេសន៍ត្រួតពិនិត្យរកឃើញថា បានកាន់កាប់ប្រើប្រាស់លិខិតឯកសាររដ្ឋបាលខ្មែរក្លែងក្លាយខុសច្បាប់ ។
សមត្ថកិច្ចក៏បានធ្វើកំណត់ដកហូតឯកសាររដ្ឋបាលទាំងនោះពីជនជាតិវៀតណាមទាំង៨គ្រួសារដើម្បីយកមករក្សាទុករង់ចាំសុំគោលការណ៍ពីថ្នាក់លើដើម្បីអនុវត្តទៅតាមវិធានការច្បាប់ ជាបន្តបន្ទាប់ទៀត ។
ឯកសារដ្ឋបាលខ្មែរដែលដកហូតពីជនជាតិវៀតណាមខាងលើ រួមមានសៀវភៅគ្រួសារ ចំនួន៤ក្បាល សៀវភៅស្នាក់នៅ២ក្បាល, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៣ប័ណ្ណ, ប័ណ្ណបោះឆ្នោត១ប័ណ្ណ, សំបុត្រកំណើត២ប័ណ្ណ, លិខិតឆ្លងដែន១ ។ ការដកហូតឯកសាររដ្ឋបាលខ្មែរពីជនជាតិវៀតណាមទាំង៨គ្រួសារ ខណៈដែលក្រុមការងារនគរបាលអន្តោប្រវេសន៍នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហផ្ទៃ និងអគ្គនាយកដ្ឋានពាក់ព័ន្ធចំនួន៤ទៀត សហការជាមួយនិងនគរបាលអន្តោ ប្រវេសន៍ខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការរិតបន្តឹងត្រួតពិនិត្យជនបរទេសរស់នៅក្នុងខេត្តបន្ទាយមានជ័យជំហ៊ានទី២ ។
ក្រោយពីការចុះត្រួតពិនិត្យលើកទី១ នៅខេត្តបន្ទាយមានជ័យបានរកឃើញជនជាតិវៀតណាមជាង២០គ្រួសារ ត្រូវបានរកឃើញមករស់នៅខុសច្បាប់ គ្មានលិខិតឯកសារត្រឹមត្រូវ ហើយជនជាតិវៀតណាមជាង២០នាក់ទាំងនោះត្រូវបាននគរបាល អន្តោប្រវេសន៍បណ្តេញចេញពីប្រទេសកម្ពុជារួចអស់ហើយផងដែរ ។
សូមបញ្ជាក់ថា ការត្រួតពិនិត្យជនបរទេសជាពិសេសជនជាតិវៀតណាមរស់នៅក្នុងខេត្តបន្ទាយមានជ័យជំហ៊ានទី២ ចាប់តាំងពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥នេះ ក្រុមការងារសមត្ថកិច្ចជំនាញបានត្រួតពិនិត្យទៅលើស្រុកក្រុងចំនួន៥រួចហើយ គឺក្រុងសិរីសោភ័ណ ស្រុកមង្គលបុរី ស្រុកព្រះនេត្រព្រះ ស្រុកស្វាយចេក និងស្រុកថ្មពួក ដោយនៅស្រុកក្រុងចំនួន៤ទៀតសមត្ថកិច្ចនិងកំពុងចុះត្រួតពិនិត្យជាបន្តបន្ទាប់ទៀត ៕
ដោយ៖ សំ វិច្ឆិកា