ខេត្តតាកែវ ៖ យុវជនម្នាកបានស្លាប់ខណៈបញ្ជូនទៅដល់មន្ទីពេទ្យ និង២នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៧ វេលាម៉ោង ១៩ និង ១០ នាទី ស្ថិតនៅលើផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែតលេខ ៣៣-៣៤ ត្រង់ចំណុចភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកបាទីបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងរវាងម៉ូតូ និងម៉ូតូសណ្តោងរឺម៉ក ដែលធ្វើដំណើរបញ្រ្ចាសទិសគ្នា ដោយម៉ូតូម៉ាក Honda Dream ពណ៍ខ្មៅ ស៊េរី ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CY-7876 បើកបរពីទិសខាងត្បូង ទៅជើង ដោយឈ្មោះ តេង សុខសាន ភេទប្រុស អាយុ២៤ ឆ្នាំ មានទីលំនៅភូមិព្រៃខ្លា ឃុំព្រះនិពាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើកបរដោយមិនបានពាក់មួកសុវត្ថិភាព បានស្លាប់ពេលដឹកទៅដល់មន្ទីពេទ្យបង្អែកស្រុកបាទី ចំណែកម៉ូតូសណ្តោងរឺម៉កម៉ាក សង់កូរ៉េ ពណ៍ក្រហមគ្មានស្លាកលេខ បើកបរដោយឈ្មោះ បាន សុភ័ក្រ ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បើកបរដោយមិនពាក់មួកសុវត្តិភាព បានរងរបួសធ្ងន់ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ នង សាយ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា រងរបួសស្រាល ក្រោយពីកើតហេតុអ្នករងរបួសទាំងពីនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកស្រុកបាទី។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកឯម៉ូតូទាំង២គ្រឿងត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលដើម្បីចាត់ការតាមនិតិវិធី ៕ ភ្នំដា