ភ្នំពេញ ៖ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៣ ខែមិថុនា នេះ លោកអ៊ិត សេដ្ឋា ពិធីករទូរទស្សន៍ ស៊ីធីអិនមានជំងឺធ្ងន់ត្រូវបានគេដឹកតាមរថយន្តយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ភ្លាមៗ ដោយលោកមិនអាចទ្រាំការឈឺចុកចាប់ក្នុងពោះដែលហើមរលោងតឹងរហូតធ្វើឲ្យ លោកមានសភាពស្គមស្រកសាច់អស់ជាច្រើនខែមកហើយ។
លោក អ៊ិត សេដ្ឋា ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យខណៈដែលលោកកំពុងឈរនិយាយដំណើរការកម្មវិធី “មន្តសេ្នហ៍សំនៀង” ផ្សាយផ្ទាល់របស់ស៊ីធីអិន ។ ក្នុងសប្តាហ៍នេះ លោកបានចាប់ដៃគូជាមួយអ្នកនាង មាស ម៉ូលីណា ខណៈអ្នកនាង យុគ ចិន្តា សម្រាកមួយរយៈទៅកាន់សហរដ្ឋអាមេរិក។
យ៉ាងណាអ្នកស្និទ្ធនឹង លោក អ៊ិត សេដ្ឋា បានបង្ហើបឲ្យដឹងថាលោកមានជំងឺហើមពោះ (ទាចទឹក)ធ្លាក់ខ្លួនចុះស្គមជាបន្តបន្ទាប់អស់រយៈពេលជាច្រើនខែមកហើយ។ គ្រាន់តែពីមុនៗ ធូរស្បើយខ្លះ លោកនៅមានកម្លាំងធ្វើកម្មវិធីនៅស៊ីធីអិននិងម៉ាយធីវីជាប្រចាំ។លុះមកដល់ រសៀលថ្ងៃទី៣ មិថុនា នេះលោកកំពុងដំណើរការកាន់កម្មវិធី “មន្តស្នេហ៍សំនៀង” ស្រាប់តែជំងឺធ្វើទុក្ខធ្ងន់រហូតផ្អាកមិនបានផ្សាយនៅលើឆាក ទុកឲ្យអ្នកនាង មាស ម៉ូលីណា ដំណើរការកម្មវិធីតែម្នាក់ឯង។គ្រានោះអ្នកនាង ម៉ូលីណា បានប្រកាសនៅលើកញ្ចក់ទូរទស្សន៍ភ្លាមៗថា លោក សេដ្ឋា ឈឺធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យព្យាបាលជាបន្ទាន់។
នៅក្នុងហ្វេសបុករបស់លោក ហេង ប៊ុនលាភ ដែលបានចូលរួមច្រៀងនៅកម្មវិធី “មន្តស្នេហ៍សំនៀង” ក្នុងទីតាំងសាលាមធ្យមសិក្សាវិចិត្រសិល្បៈ បានលើកឡើងថា លោកមកច្រៀងពេលនេះឃើញលោក អ៊ិត សេដ្ឋា គាត់ធ្លាក់ខ្លួនឈឺស្គមស្គាំងខ្លាំងគឺប៉ោងពោះ ឥឡូវប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរ។
អ្នកគាំទ្រដែលស្រឡាញ់លោក អ៊ិត សេដ្ឋា បានសម្តែងការអាណិតអាសូនិងរន្ឋត់ ពេលដឹងថា ពិធីករល្បីល្បាញរូបនេះកំពុងឈឺធ្ងន់យូរមកហើយហើយបាននាំគ្នាបន់ស្រន់ឲ្យលោកឆាប់ជា ពីជំងឺដើម្បីបំពេញការរងារឡើងវិញ ៕ ប្រាថ្នា