ខេត្តកណ្តាល ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងអ្នកថ្មើរជើងបណ្តាលឲ្យស្លាប់ម្នាក់ នៅមុខភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ០៤ ចន្លោះគីឡម៉ែត្រ២៣-២៤ កាលពីវេលាម៉ោង២៣និង៥០នាទី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ។
មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកតូយូតា LUCIDA ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ 2G 6693 អ្នកបើកបរឈ្មោះ ឈួន ឧត្ដម ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅភូមិ ចំការដូង សង្កាត់ច្បាមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន)បានបើកពីទិសខាងលិចទៅកើត (កំពង់សោមទៅភ្នំពេញ) ។ លុះដល់ចំណុចកើតហេតុខាងលើរថយន្តបានបុកអ្នកថ្មើរជើងម្នាក់ (ភេទប្រុស)បណ្ដាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ ។
ក្រោយបុកអ្នកថ្មើរជើងហើយ រថយន្តក្រោយកើតហេតុមិនបានឈប់នៅនឹងកន្លែងកើតហេតុនោះទេបានបើកគេច រហូតដល់សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ទើបសម្ថកិច្ច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ឃាត់រថយន្តបានទាំងតៃកុងឡាន ។
ករណីនេះ សមត្ថកិច្ចជំនាញបានសន្ឋិដ្ឋានថា មូលហេតុបណ្តាលមកអ្នកបើកបររថយន្ត បើក ក្នុងល្បឿនលឿនខ្វះកាប្រុងប្រយ័ត្ន ។
ក្រោយពេលកើតហេតុជំនាញបានយកសម្ភារៈមធ្យោបាយមករក្សាទុកនៅអធិការដ្ឋាន ដើម្បី កសាងសំណុំរឿងតាមនីតិវិធី ៕ ស្អាងជ័យ