រថយន្តពីរគ្រឿងប៉ះគ្នាតិចតួចប្រើហិង្សាវាយគ្នាហូរឈាមនគរបាលឃាត់យកទៅដោះស្រាយ

ចែករំលែក៖

ភ្នំពេញ ៖ បុរសពីរនាក់បង្កឲ្យមានការផ្ទុះកំហឹងដាក់គ្នាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍  ចុះទៅវាយប្រតាយប្រតប់គ្នាពេញដងផ្លូវ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវឧកញ៉ាទេពផន ខាងមុខសាលា ខេអេលីត ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលចរាចរខណ្ឌទួលគោកបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២AJ ០០៣៥ បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ និងរួមដំណើរជាគ្រួសារ ពីរបីនាក់ទៀត បានធ្វើដំណើរ តាមបណ្តោយផ្លូវឧកញ៉ាទេពផនក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត មួយគ្រឿងទៀត RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២Z១៨៧០ បើកបរដោយបុរសវ័យចំណាស់ម្នាក់ ក្នុងស្ថានភាពស្រវឹងស្រាជោកជាំ បើកមកកាក់ពីមុខរថយន្តហាយឡែនឌ័រ ដោយមានស្នាមរលាត់ថ្នាំ ផ្នែកខាងស្តាំ។ ភ្លាមៗនោះ អ្នកបើករថយន្តRAV4 បានចុះពីលើរថយន្ត ដើរទៅសួរថាហេតុអីបើករថយន្តមកកាក់ខ្ញុំ? មិនទាន់បានឆ្លើយផងស្រាប់តែអ្នកបើកបរ រថយន្តហាយឡែនឌ័រ ស្ទុះទៅវាយភាគីរថយន្ត RAV4 បណ្តាលឲ្យបែកចិញ្ចើមខាងស្តាំហូរឈាមជោកថ្ពាល់ ។

បើតាមសម្តីពីបុរស ដែលជាអ្នក បើករថយន្តហាយឡែនឌ័រ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បើកបររថយន្តខាងលើ ទើបតែចេញមកពីញ៉ាំអាហារនៅម្តុំទួលគោក បំណងត្រឡប់ទៅផ្ទះវិញ នៅម្តុំចំការដូងដោយធ្វើដំណើរតាមបណ្តោយ ផ្លូវឧកញ៉ាទេពផន ទិសដៅពីកើត ទៅលិច។ លុះមកដល់ចំណុច ផ្លូវកែងលេខ២៥៣ ស្រាប់តែមានរថយន្តRAV4 បើកស្របទិសគ្នា បានបើកជែងខាងឆ្វេង បណ្តាលឲ្យកៀររថយន្តគាត់ រងការខូចខាតបន្តិចបន្តួច ហើយរថយន្តRAV4 បើកទៅមុខបន្តទៀតគាត់ក៏បើករថយន្ត ដេញតាមពីក្រោយ និងបានចុចស៊ីផ្លេដាក់រហូតដល់ចំណុចកើតហេតុ រថយន្តRAV4នោះ ក៏បើកទៅកាក់ពីមុខ បណ្តាលឲ្យរថយន្តគាត់ បុកម្តងទៀត។ភ្លាមនោះ ស្រាប់តែអ្នកបើកបរ រថយន្តRAV4 បើកទ្វាររថយន្តចុះដើរ សំដៅទៅរកគាត់ ដោយគាត់ខ្លាច បុរសរូបនោះមានកាំភ្លើង ក៏វាយដើម្បីការពារខ្លួន តែម្តងទៅ។

ចំណែកបុរសដែលជាអ្នក បើករថយន្តRAV4 ស្រវឹងបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បើកបររថយន្តខាងលើ ទើបតែចេញមកពីវាយសី នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយធ្វើដំណើរ តាមបណ្តោយផ្លូវខាងលើ លុះមកដល់ចំណុច ក្បែរនិងស្តុបទេពផន ស្រាប់តែរថយន្តហាយឡែនឌ័រ បើកមកជែងខាងស្តាំ បណ្តាលអោយកៀររថយន្តរបស់គាត់ រងការខូចខាត ហើយរថយន្តនោះ ព្យាយាមបើកទៅមុខ រួចគាត់ក៏បើកដេញតាម និងទៅកាក់ពីមុខ ដើម្បីអោយដោះស្រាយគ្នា ខណៈពេលដែលគាត់ ដើរទៅរកសួរនាំ ស្រាប់តែត្រូវអ្នកបើកបរ រថយន្តហាយឡែនឌ័រ វាយគាត់តែម្តង។

ក្រោយពេលកើតហេតុ ភាគីខាងរថយន្តRAV4 បានទាមទារសំណង ចំនួន១០០០ដុល្លារ តែភាគីបង្កព្រមសងតែ ២០០ដុល្លារ ទើបភាគីខាងរថយន្តRAV4 មិនព្រមក៏ ប្រគល់ឲ្យសមត្ថកិច្ចជំនាញធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿង និងជនបង្កហេតុយកទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌទួលគោក រង់ចាំដោះស្រាយគ្នា នៅពេលក្រោយតែម្តងទៅ៕ ប្រាថ្នា

...

nkd1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print