ភ្នំពេញ ៖ កម្មករ កម្មការិនីរោងចក្រកាត់ដេរនៅផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចំនួន ២០០០នាក់ បាននាំគ្នាធ្វើកូដកម្មមិនព្រមចូលធ្វើការទូទាំងរោងចក្រដោយ សុខចិត្តឈរត្រៀបត្រាខាងមុខរោងចក្រ បន្ទាប់ពីប៉ុន្មានថ្ងៃមកនេះនាំគ្នាឈប់សម្រាកក្នុងថ្ងៃបោះឆ្នោត ហើយត្រូវថៅកែក្រុមហ៊ុនកាត់លុយ។
រោងកាត់ដេរដែលធ្វើកូដកម្មនខាងលើនេះគឺក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់សកល(កម្ពុជា)ចំកាត់ មានកម្មករសរុបចំនួន ២០០០នាក់ បម្រើការងារ ក្រោយពីកម្មករបានឈប់សម្រាក ខ្លួះឈប់២ថ្ងៃ កម្មករខ្លះឈប់រហូត៣ ថ្ងៃ ក្នុងអំឡុងពេលទៅចូលរួមបោះឆ្នោតនៅខេត្តឆ្ងាយៗ ហើយពេលវិលត្រឡប់មកវិញ ត្រូវបានថៅកែក្រុមហ៊ុន ប្រកាសកាត់លុយ ធ្វើឲ្យកម្មករ កម្មការិនី មិនយល់ព្រមក៏ផ្ទុះកូដកម្មមិនចូលធ្វើការងារតែម្តងដោយមាន រយៈពេល២ថ្ងៃផ្ទួនៗគ្នាមកហើយ ។
កម្មការិនីម្នាក់បាននិយាយថា ពួកគាត់ខ្លះមានស្រុកកំណើតនៅឆ្ងាយត្រូវការទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ចំណាយពេលពីរ ឬ៣ ថ្ងៃទាំងទៅទាំងមកទើបទាន់ពេល មិនគួរណាថៅកែរោងចក្រ កាត់លុយប្រាក់ខែពួកគាត់នោះទេ ធ្វើបែបនេះពិតជារំលោភសិទ្ធ កម្មករពេកហើយ ។
ទាក់ទិនការកាត់ប្រាក់ខែកម្មករក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីថ្ងៃទី៤ខែមិថុនាកន្លងមកនេះ នគរវត្តមិនអាចសុំការបកស្រាយពីថៅកែឬតំណាងរោងចក្រខាងលើបានទេកាលពីរសៀលម្សិលមិញនេះ។ រីឯដំណោះស្រាយយ៉ាងណានោះក៏មិនទានមានដែរគ្រាដែលកម្មករផ្ទុះកូដកម្មមិនចូលធ្វើការ នៅឈរត្រៀបត្រាខាងមុខរោងចក្របង្កឲ្យស្ទះចរាចរណ៍ ក្រៅពីកម្លាំងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានចុះទៅសម្របសម្រួល លើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ខ្លាចកើតមានអំពើហិង្សាណាមួយនោះ ។
ក្រុម កម្មករបាននិយាយថា ពួកគាត់ប្រកាន់ជំហរមួយ បើថៅកែកាត់លុយនិងមិនដោះស្រាយតាមសំណូមពរកម្មករទេ ពួកគាត់មិនចូលធ្វើការឡើយ ផ្ទុយទៅវិញគឺនៅបន្តធ្វើកូដកម្មដដែល ៕ ប្រាថ្នា