ភ្នំពេញ ៖ រថយន្តម៉ាកស្តារិចថ្មីច្រឺងមួយគ្រឿងដែលបុរសម្នាក់បានមកប្តឹងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីនាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ ដែលអ្នកស្គាល់គ្នាមិនសូវស្និទ្ធិម្នាក់បានយករថយន្តស៊េរីទំនើបមួយគ្រឿងមកផ្ញើក៏ទៅបាត់នោះ សមត្ថកិចនគរបាលខណ្ឌសែនសុខបានអះអាងថា មិនមានពាក់ព័ន្ធ បទល្មើសអ្វីនោះទេ ជារថយន្តរបស់ជនជាតិចិននៅខេត្តព្រះសីហនុ ដែលអ្នកបើកបរជនជាតិខ្មែរម្នាក់ មានការសំខាន់មិនអាចបើករថយន្តនេះត្រឡប់ទៅវិញបាន ក៏ផ្ញើអ្នកស្គាល់គ្នាមួយរយៈទៅ ។
សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ អះអាងថា នៅព្រឹកថ្ងៃទី៨ខែ មិថុនា ចៅកែជនជាតិចិនជាម្ចាស់រថយន្តទំនើបនេះ បានទូរស័ព្ទប្រាប់សមត្ថកិច្ចថា រថយន្តនេះជារថយន្តរបស់គាត់ដែលបានប្រើអ្នកបើកបរជនជាតិខ្មែរម្នាក់បើកទៅភ្នំពេញបំពេញការងារឲ្យក្រុមហ៊ុន តែ ដោយសារអ្នកបើកបរមានការចាំបាច់មិនអាចបើកត្រឡប់ទៅវិញបានក៏សុំផ្ញើអ្នកស្គាល់គ្នា ហើយមិនពាក់ព័ន្ធបទល្មើសអ្វីនោះទេ ។
សូមរំលឹកថានៅព្រឹកថ្ងៃទី៧ ខែ មិថុនាបុរសឈ្មោះ ចាន់ ដាវិន អាយុ២៩ឆ្នាំ ជាមន្ត្រីយោធា ស្នាក់នៅផ្ទះជួលផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខបានទៅរាយការប្រាប់សមត្ថកិច្ចថាមានអ្នកស្គាល់គ្នានោះឈ្មោះអ៊ិន ជីវ័ន្ត អាយុ២១ឆ្នាំ មានលំនៅខេត្តព្រះសីហនុ បានផ្ញើរថយន្តមួយគ្រឿងម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខព្រះសីហនុ 2A-7616 នៅផ្ទះគាត់ ។
បុរសខាងលើឱ្យដឹងទៀតថា គាត់ និងជីវ័ន្ត ទើបតែស្គាល់គ្នាតាមរយៈមិត្តភក្តិ ហើយមិនសូវស្និទ្ធស្នាលនោះទេ ។ នៅវេលាម៉ោងប្រមាណ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ពេលខ្លួនកំពុងតែសម្រាក ស្រាប់តែឈ្មោះជីវ័ន្តបានមកហៅទ្វារផ្ទះគាត់ ដោយយករថយន្តសេរីទំនើបមកផ្ញើ និងទុកនៅមុខផ្ទះ ហើយជីវ័ន្តនោះរួមទាំងបុរសជនជាតិចិន២នាក់ បានធ្វើដំណើរទៅបាត់។ លុះព្រឹកឡើងក៏ទូរស័ព្ទទៅម្ចាស់នោះឱ្យមកយករថយន្តវិញ តែទូរស័ព្ទមិនចូល ដោយខ្លាចជាប់ពាក់ព័ន្ធនឹងបទល្មើស ទើបនៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី៧ ខែមិថុនា ក៏រាយការណ៍មកនគរបាលប៉ុស្តិ៍ចុះទៅយករថយន្តមកទុកនៅអធិការដ្ឋាន ដើម្បីឱ្យម្ចាស់ចូលខ្លួនទៅយក ។ បន្ទាប់ពីទទួលរបាយការណ៍នេះភ្លាម ទើបសមត្ថកិច្ចសម្រេច យករថយន្តនេះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តងទៅ ៕ ប្រាថ្នា