ភ្នំពេញ ៖ ក្រសួងការពារជាតិបានចេញសេចក្តីថ្លែង ការណ៍ថ្កោលទោសការផ្សាយនោះ និងទាមទារការកែតម្រូវ…ការដកចេញអត្ថបទដែលផ្សាយលើ បណ្តាញ Online និងការសុំទោសជាលាយលក្ខណ៍អក្សរថែមទៀត។ ការច្រានចោលព័ត៌មាននេះ បានធ្វើឡើង ដោយ នាយកដ្ឋាន ទាក់ទងអន្តរជាតិ នៃអគ្គនាយកដ្ឋាននយោបាយ និង កិច្ចការបរទេស របស់ក្រសួង ការពារ ជាតិ តាមរយៈលិខិតមួយផ្ញើជូនទៅស្ថានទូតថៃ ប្រចាំទីក្រុងភ្នំពេញ។
ការច្រានចោលព័ត៌មាននេះ បានធ្វើឡើងក្រោយបណ្តាញសារព័ត៌មានថៃ បានផ្សាយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ថា មានការដឹកអាវុធជាច្រើនប្រភេទ បានចាប់នៅក្នុងប្រទេសថៃបន្ទាប់ពីរថយន្តនោះ បានក្រឡាប់ នៅក្នុងខេត្តត្រាត ។ សេចក្តីរាយការណ៍ព័ត៌មានបានចោទថារថយន្តដឹកអាវុធនោះជារបស់ឧបនាយករដ្ឋមន្ត្រីទៀ បាញ់។ សេចក្តីរាយការណ៍ពីប្រទេសថៃបាននិយាយថាកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ៩កន្លះព្រឹកត្រង់ចំណុចអូរសុន ស្ថិតក្នុងឃុំឡែមកាឡាត់ ស្រុកមឿង ខេត្ត្តត្រាត ប្រទេសថៃ មានករណីគ្រោះ ថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយ រថយន្តមួយគ្រឿង ម៉ាក អ៊ីស៊ុយៗ ឌីមេក ដែលបើកបរដោយ ជនជាតិ ថៃម្នាក់បានក្រឡាប់ធ្លាប់ ហើយត្រូវគេប្រទះឃើញ មានអាវុធ និងគ្រាប់ រំសេវជាច្រើននៅក្នុងរថយន្ត ទើបត្រូវ ឃាត់ខ្លួនអ្នកបើកបរជា បណ្តោះអាសន្ន ដើម្បីនាំខ្លួនយកទៅសាកសួរ។ អាវុធដែលសមត្ថកិច្ចធ្វើការ ដកហូត នោះ រួមមាន កាំភ្លើងខ្នាត ៧,៦២ មីល្លីម៉ែត្រ ចំនួន៤ដើម…កែវយិតសម្រាប់បំពាក់លើកាំភ្លើង ខ្នាត៧,៦២ មីល្លី ម៉ែត្រចំនួន១ …បង់ កាំភ្លើងខ្នាត ៧,៦២មីល្លីម៉ែត្រ ចំនួន៤បង់ …កាំភ្លើងធុនអាកា៤៧ ចំនួន២៩ដើម ក្នុងនោះមាន ស្វ័យបត់ចំនួន១០ដើម បង់កាំភ្លើងអាកា៤៧ ខ្នាត៣០គ្រាប់ ចំនួន៣៦បង់ បង់កាំភ្លើងខ្នាត៥,៥៦មីល្លីម៉ែត្រ ចំនួន២ …គ្រាប់បែកដៃ១គ្រាប់ …គ្រាប់ខ្នាត៩មីល្លីម៉ែត្រចំនួន១០ គ្រាប់ …គ្រាប់កាំភ្លើងធុន អឹម ៧៩ ចំនួន ៥៣គ្រាប់ គ្រាប់កាំភ្លើងអាកា៤៧ ចំនួន ៤ ១៤៧ គ្រាប់ វិទ្យុទាក់ទងភ្ជាប់រថយន្ត និងរីម៉ូត ១ឈុត ។ អគ្គនាយកដ្ឋាននយោបាយ និង កិច្ចការបរទេស របស់ក្រសួងការពារជាតិកម្ពុជាបានចាត់ទុកការផ្សាយដែល ថាជាប់ពាក់ព័ន្ធដល់ឯកឧត្តមទៀបាញ់នោះ ជាព័ត៌ដែលប៉ះពាល់ដល់កិត្តិយសរដ្ឋមន្ត្រីនៃក្រសួងការពារជាតិ កម្ពុជា។
សេចក្តីរាយការណ៍បន្តពីប្រទេសថៃដដែល បានបញ្ជាក់ថាយោងតាមការដកស្រង់សម្តីសារភាពអ្នកបើកបរជាតិ ថៃដែលគេឃាត់ខ្លួន បាននិយាយថា អាវុធទាំងនេះគឺគាត់បានទទួល យកមកពីមនុស្សម្នាក់មិនស្គាល់ឈ្មោះ នៅ ខេត្តកោះកុង ដោយនាំយកទៅលក់អោយ ក្រុមទ័ពព្រៃ នៃប្រទេសភូមា ដោយទីណាត់ និងប្រគល់អាវុធត្រូវធ្វើ ឡើងនៅក្នុង ស្រុកមេសា ខេត្តឈៀងរ៉ាយ ប្រទេសថៃ។ ប៉ុន្តែសេចក្តីរាយការណ៍ព័ត៌មានថៃ បានសរសេររឿង ហេតុនេះចោទថាជាប់ពាក់ព័ន្ធនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាទៅវិញ។
នាយកដ្ឋានទាក់ទងអន្តរជាតិ នៃអគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេស បានចេញ សេចក្តីថ្លែងការណ៍ មួយចុះថ្ងៃទី៦មិថុនាទៅកាន់មន្ត្រីអនុព័ន្ធយោធាស្ថានទូតប្រចាំកម្ពុជាដោយគូសបញ្ជាក់៣ចំណុច។ ចំណុចទី១ គឺការបដិសេធការផ្សាយនានារបស់បណ្តាញព័ត៌មានថៃដែលចោទមកលើរូបឧបនាយករដ្ឋមន្ត្រីទៀបាញ់ថាបាន ពាក់ព័ន្ធលើការដឹកជញ្ជូនអាវុធនិងអាវុធខុសច្បាប់។ ចំណុចទី២ ស្នើអោយបណ្តាញព័ត៌មានដែលផ្សាយមិនពិត ក្នុងបញ្ហានេះដកចេញអត្ថបទដែលផ្សាយខុសនេះនិងធ្វើការកែតម្រូវដោយសារព័ត៌មាននោះ គឺជាព័ត៌មានមិន ត្រឹមត្រូវនិងធ្វើអោយប៉ះពាល់ដល់កិត្តិយសរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា,និងចំណុចទី៣ នឹងស្នើតម្រូវអោយ កាសែតនិងបណ្តាញព័ត៌មានថៃទាំងឡាយដែលបានផ្សាយព័ត៌មានមិនពិត ធ្វើលិខិតសុំទោសជាផ្លូវការ៕ សំ វិច្ឆិកា