ខេត្តបាត់ដំបង ៖ លោកអធិការនគរបាលស្រុកថ្មគោលខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ បាន ច្រានចោលថាការប្រើអំពើហឹង្សាវាយនិងចាក់ទៅលើប្រធានអ្នករៀបចំការបោះឆ្នោតនៅឃុំអូរតាគី ស្រុកថ្មគោល និងប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ប្តីប្រពន្ធមិនជាប់ពាក់ព័ន្ធនិងរឿងនយោបាយនោះឡើយ តែគឺជាករណី គំនុំរវាងជនរងគ្រោះនិងជនសង្ស័យ។
ការច្រានចោលព័ត៌មានពាក់ព័ន្ធអំពើហិង្សាខាងលើនេះក្រោយពីមានការផ្សព្វ ផ្សាយបង្ហោះព័ត៌មានតាមហ្វេសប៊ុកមួយចំនួនសរសេរចោទប្រកាន់គ្មានមូលដ្ឋានថាការប្រើអំពើហឹង្សាទៅលើប្រធានអ្នករៀបចំការបោះឆ្នោតនៅឃុំអូរតាគី ស្រុកថ្មគោល និងប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ប្តីប្រពន្ធជារឿងនយោបាយ។
លោកវរសនីយ៍ត្រី ផង់ សុភាព អធិការនគរបាលស្រុកថ្មគោលប្រាប់ឱ្យដឹងថា កាលពីយប់អធ្រាត្រឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះលោក ហ៊ុន យ៉ន អាយុ៦២ឆ្នាំ និងប្រពន្ធឈ្មោះ រ៉ុម សារី អាយុ៥៦ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណបានចូលទៅក្នុងផ្ទះជនរងគ្រោះហើយបានលួចដុតនៅក្នុងផ្ទះជនរងគ្រោះនៅចំណុចមុខទូរទស្សន៍បណ្តាលឱ្យឆេះឡើង។នៅពេលនោះជនសង្ស័យក៏ធ្វើជាស្រែកឆោឡោមានភ្លើងឆេះផ្ទះ។
បន្ទាប់មកជនរងគ្រោះជាប្តី បានចេញមកឃើញភ្លើងឆេះក៏ទៅយកទឹកក្នុងពាងជះពន្លត់ភ្លើង ហើយគ្រានោះជនសង្ស័យបានទាញកាំបិតកាប់និងចាក់ជនរងគ្រោះជាប្តីបណ្តាលឱ្យរងរបួស ។ទន្ទឹមនោះប្រពន្ធជនរងគ្រោះក៏ចេញមកជួយប្តី ស្រាប់តែជនសង្ស័យកាប់ទៅលើ ប្រពន្ធទៀតបណ្តាលឱ្យរងរបួសដូចគ្នារ។
ក្រោយពីបង្កហេតុរួចហើយជនសង្ស័យក៏រត់គេចខ្លួនបាត់តែម្តង។បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកជិតខាង សមត្ថកិច្ចក៏បានចុះដល់កន្លែងកើតហេតុ ដឹកជនរងគ្រោះទាំង២នាក់ទៅកាន់មន្ទីរពេទ្យ ខេត្តបាត់ដំបង។
លោកប្រាប់ឱ្យដឹងទៀតថា ជនសង្ស័យមកដល់ពេលនេះសត្ថកិច្ចកំពុងតាមស្រាវជ្រាវដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា