ច្រកអន្តជាតិព្រំខេត្តប៉ៃលិន ៖ ផ្ទុះការតវ៉ាពីសំណាក់ប្រជាពលរដ្ឋដឹកបន្លែផ្លែឈើទៅនិងគយគាបសង្កត់យកប្រាក់ពីពួកគាត់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋប្រកបមុខរបរដឹកបន្លែផ្លែឈើពីផ្សារថៃឆ្លងកាត់ច្រកអន្តរជាតិព្រំខេត្តប៉ៃលិន ដើម្បីយកមកលក់នៅខេត្តប៉ៃលិនប្រមាណជាង៣០នាក់កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ បាននាំគ្នាចេញមកតវ៉ានៅខាងមុខច្រកអន្តរជាតិព្រំទៅនិងមន្រ្តីគយប្រចាំច្រកអន្តរជាតិព្រំដែលបានគាបសង្កត់ឱ្យពួកគាត់បង់ប្រាក់ទៅឱ្យមន្ត្រីគយក្នុងមួយម៉ូតូពី១ម៉ឺនរៀលទៅ២ម៉ឺនរៀល។

ប្រជាពលរដ្ឋប្រាប់ឱ្យដឹងថាពួកគាត់បច្ចុប្បន្នប្រកបមុខរបររកស៊ីប្រចាំថ្ងៃបានប្រាក់កំរ៉ៃចំណេញបន្តិចបន្តួចពីការយកបន្លែផ្លែឈើពីប្រទេសថៃយកមកលក់នៅខេត្តប៉ៃលិនដើម្បីចិញ្ចឹមគ្រួសារ។ក្រោយមកស្រាប់តែរយៈពេលថ្មីៗនេះ មន្រ្តីគយប្រចាំច្រកអន្តរជាតិព្រំបានដាក់គំនាបឱ្យពួកគាត់បង់ប្រាក់ក្នុងមួយម៉ូតូពី១ម៉ឺនរៀលទៅ២ម៉ឺនរៀល។ការយកប្រាក់ពីពួកគាត់បែបនោះបានបង្កឱ្យប៉ះពាល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ មិនអាចរត់រួច ។

ប្រជាពលរដ្ឋប្រាប់ឱ្យដឹងទៀតថានៅក្នុងតំណាក់មេគយមុនៗគេយោគយល់ការរកស៊ីដឹកន្លែផ្លែឈើ បន្តិចបន្តួចគយមិនបានយកប្រាក់ពីពួកគាត់នោះឡើយ។ស្រាប់តែក្នុងតំណាក់កាលមេគយថ្មី២នាក់ទើបមកកាន់តំណែងដឹកនាំមានឈ្មោះ លោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយប្រចាំច្រកអន្តរជាតិព្រំ និងលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន បែរជាមកយកប្រាក់ពីពួកគាត់ទៅវិញ។

ប្រជាពលរដ្ឋប្រាប់ឱ្យដឹងទៀតថា ការយកប្រាក់ពីពួកគាត់ក្នុងម៉ូតូ១គ្រឿងពី១ម៉ឺនរៀល ទៅ២ម៉ឺនរៀលគយគេថាសម្រាប់បង់ពន្ធចូលរដ្ឋ តែយកប្រាក់នោះមិនចេញវិក័យប័ត្រឱ្យពួកគាត់នោះឡើយ។ជាធម្មតាបើបង់ពន្ធចូលរដ្ឋត្រូវចេញវិក័យប័ត្របង់ពន្ធ។

ជុំវិញនៃការតវ៉ាខាងលើអ្នកយកព័ត៌មានយើងបានទំនាក់ទំនងទៅលោកសំ សុវណ្ណារិទ្ធប្រធានសាខាគយខេត្តប៉ៃលិន តាមទូរស័ព្ទឱ្យលោកជួយបំភ្លឺផងដែរ ប៉ុន្តែទូរស័ព្ទលោកហៅចូលគ្មានអ្នកទទួលចំណែក លោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយប្រចាំច្រកអន្តរជាតិព្រំ វិញទូរស័ព្ទត្រូវបានបិទមិនអាចទំនងបានឡើយកាលពីរសៀលថ្ងៃទី១៤ ខែមិថុនា នេះ។

លោក សុខ ដាវុធ ប្រធានគណៈកម្មការច្រកអន្តរជាតិព្រំវិញ បានបំភ្លឺឱ្យដឹងថា ការតវ៉ារបស់ប្រជាពលរដ្ឋខាងលើធ្វើការដោះស្រាយរួចរាល់ហើយ។

លោកប្រាប់ឱ្យដឹងទៀតថាពាក់ព័ន្ធនិងការយកប្រាក់ពីប្រជាពលរដ្ឋដឹកបន្លែផ្លែឈើពីសំណាក់មន្រ្តីគយ នោះ វាជាកិច្ចការងារជំនាញរបស់គយលោកមិនបានដឹងនោះទេ។ប៉ុន្តែលោកដឹងថា ប្រជាពលរដ្ឋដែលរកស៊ីដឹកបន្លែផ្លែឈើតាមម៉ូតូពួកគាត់ដឹកបង្កប់ទំនិញមកជាមួយ។កិច្ចសម្របសម្រួលដោះស្រាយព្រឹកមិញខាងមន្រ្តីគយគេសំណូមពរកុំឱ្យប្រជាពលរដ្ឋដឹកទំនិញគេចពន្ធបង្កប់តាមបន្លែផ្លែឈើ។

ពាក់ព័ន្ធនិងការយកប្រាក់ពីប្រជាពលរដ្ឋដឹកបន្លែផ្លែឈើនោះ បើតាមប្រភពព័ត៌មានពីមន្រ្តីស្និតនិងគយប្រចាំច្រកអន្តរជាតិព្រំឱ្យដឹងថាមន្រ្តីគយយកប្រាក់ពីប្រជាពលរដ្ឋទាំងនោះ គឺមិនបានបង់ចូលរដ្ឋឡើយ ៕  សំ វិច្ឆិកា

...

2 1 4 5 3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print