កម្លាំងមួកខៀវ១៨នាក់បញ្ចប់វគ្គហ្វឹកហ្វឺនកម្ទេចគ្រាប់និងរកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដោយជោគជ័យ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ សិក្ខាកាមកម្លាំងមួកខៀវកម្ពុជា១៨នាក់ នឹងចេញទៅបំពេញ បេសកកម្ម អង្គការសហប្រជាជាតិ នៅថ្ងៃខាងមុខនេះ បានបញ្ចប់វគ្គហ្វឹកហ្វឺនលើជំនាញកម្ទេចគ្រាប់ និងរុករកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលរដ្ឋាភិបាលបារាំងបញ្ជូនយោធាចារ្យរបស់ខ្លួនមកចំនួន៤សប្តាហ៍ ជួយបណ្តុះបណ្តាល ដល់កម្លាំងមួកខៀវកម្ពុជា។

ពិធីកម្ទេចគ្រាប់បញ្ចប់វគ្គហ្វឹកហ្វឺន៤សប្តាហ៍ប្រព្រឹត្តទៅនៅ រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នៅសាលាបណ្តុះបណ្តាលកម្លាំងរក្សាសន្តិភាពពហុសាសន៍ នាសាលាហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាពពហុសាសន៍( PKO)ខេត្តកំពង់ស្ពឺ ។

លោកវរសេនីយ៍ទោ Valerie Richard ប្រធានប្រតិបត្តិការកងវរសេនាធំវិស្វកម្ម ឆ័ត្រយោងលេខ១៧ មកពីទីក្រុងប៉ារីស ប្រទេសបារាំង ថ្លែងថា កម្លាំងមួកខៀវកម្ពុជា ពិតជាមានស្នាដៃពិតប្រាកដមែន ក្រោយពីទទួលវគ្គបណ្តុះបណ្តាលជំនាញខាងលើនេះ ពួកគេពិតជាទទួលស្នាដៃ ចូលបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ។

លោក Richard បានបន្តថា វគ្គហ្វឹកហ្វឺននេះ សិក្សាលើវិញ្ញាសាគំរាមកំហែងទូទៅនៃគ្រឿងផ្ទុះកែច្នៃ, គ្រោះថ្នាក់ដោយគ្រាប់មិនទាន់ផ្ទុះ ការចាកចេញពីចំការមីន វីធានការសង្រ្គោះពេលមានរបួសក្នុងចំការមីន ត្រួតពិនិត្យលើភូមិសាស្រ្តគ្រោះថ្នាក់, វិធានការសង្រ្គោះពេលផ្លាស់ប្តូរទីកន្លែង និងវាយតម្លៃសម្គាល់គ្រាប់កែច្នៃ។ មេរៀនកម្ទេចគ្រាប់មិនទាន់ផ្ទុះកាកសំណល់ សង្គ្រាម អនុវត្តន៍ការបំផ្ទុះគ្រាប់។

លោកបានបន្ថែមថា ក្រៅពីវគ្គហ្វឹកហ្វឺនកម្ទេចគ្រាប់ និងរុករកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ យោធារចារ្យបារាំង បណ្តុះបណ្តាលជំនាញបោសសម្អាតមីន និងច្បាប់នានាទាក់ទិន ទៅអង្គការសហប្រជាជាតិ។ កងទ័ពបារាំង តែងតែជួយបណ្តុះ បណ្តាលជំនាញផ្នែករក្សា សន្តិភាព ដល់កម្លាំងមួកខៀវកម្ពុជា ជាច្រើនឆ្នាំមកហើយ។ រដ្ឋាភិបាលបារាំងបន្តជួយបណ្តុះ បណ្តាលដល់កម្លាំងមួកខៀវកម្ពុជា បន្តពង្រឹងសមត្ថភាពបន្ថែមទៀត លើសមត្ថភាពជំនាញដែលកម្លាំងកម្ពុជាទាំងអស់ដែលមាន។

លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២អាជ្ញាធរមីនកម្ពុជា និងជា អគ្គនាយកមជ្ឈមណ្ឌជាតិរក្សាសន្តិភាព មានប្រសាសន៍ថា យោធាចារ្យបារាំង នឹងហ្វឹកហ្វឺនជំនាញ ដល់កម្លាំងមួកខៀវកម្ពុជា ដូចជា វេចខ្ចប់សម្ភារតាមស្តង់ដាអន្តរជាតិ ជំនាញអង្កេតការណ៍របស់អង្គការសហប្រជាជាតិ សង្រ្គោះបឋម ឋានលេខា (ការងារកូផែនទី) មើលផែនទី បច្ចេកទេសដោះមីន បន្សាបគ្រឿងផ្ទុះ សុខាភិបាល និងជំនាញត្រួតពិនិត្យដោយ កម្លាំងកងរាជអាវុធហត្ថ។

លោកអគ្គនាយកបន្តថា ភាគីបារាំងជួយបណ្តុះបណ្តាលជំនាញជាច្រើន ដល់កម្លាំងមួកខៀវកម្ពុជា រហូតមកដល់ឆ្នាំ២០១៦នេះ គឺមានចំនួន១១ឆ្នាំ។ ទាក់ទិនទៅនឹងសកម្មភាពកម្លាំងមួកខៀវកម្ពុជា ទៅបំពេញបេសកកម្មរបស់អង្គការសហ ប្រជាជាតិ រយៈពេល១១ឆ្នាំកន្លង លោក នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បញ្ជាក់ថា ព្រឹតិ្តការណ៍ប្រមាណ២៤ឆ្នាំមុន កងរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិបញ្ជូនមកកាន់កម្ពុជា។

កម្ពុជាបានក្លាយជាប្រទេសមួយបញ្ជូនកម្លាំង និងក្រុមជំនាញចូល រួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងនាមមនុស្សធម៌ ទៅកាន់ប្រទេសចំនួន៨ នាបច្ចុប្បន្ន។ ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបញ្ជូនកម្លាំង សរុបជាង៤ពាន់៥រយនាក់ ក្នុងនោះមានកម្លាំងនារីជិត២០០នាក់ ចូលរួម បេសកកម្មរបស់អង្គការសហប្រជាជាតិចំនួន៨ប្រទេស។

បច្ចុប្បន្នកម្ពុជាមានកម្លាំងប្រមាណជិត១.០០០នាក់ កំពុងបំពេញបេសកកម្មនៅប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ សាយប្រឺស និងប្រទេសម៉ាលី។ កម្លាំងមួកខៀវទាំង អស់នេះ ធ្វើឲ្យប្រទេសកម្ពុជា បរិច្ចាគកងកម្លាំងរក្សាសន្តិភាពច្រើនជាងគេលំដាប់ទី២ នៅក្នុងតំបន់អាស៊ានផងដែរ៕ សុខដុម

...

Bunthch (1) Bunthch (4) Bunthch (3) Bunthch (5) Bunthch (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print