ខេត្តបន្ទាយមានជ័យ ៖ អតីតយុទ្ធជនកងទ័ពខ្មែរក្រហមម្នាក់បានរងការចាប់ឃាត់ខ្លួនពីកម្លាំងនគរបាលខេត្តបន្ទាយមានជ័យក្រោយសមត្ថកិច្ចស្រាវជ្រាវស៊ើបអង្កេតរកឃើញជនសង្ស័យរូបនោះបានលាក់ទុកអាវុធចំនួន៣ដើមខុសច្បាប់ និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ផងដែរ។
ជនសង្ស័យឈ្មោះ ស៊ុម យ៉ុង ភេទប្រុសអាយុ៥៤ឆ្នាំ នៅភូមិអូរកាច់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានចាប់ឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅផ្ទះជនសង្ស័យ ។ការចាប់ឃាត់ខ្លួនជនសង្ស័យនោះដែរត្រូវគេមើលឃើញថាដឹកនាំកម្លាំងបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលនីតិវីធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រីសិទ្ធ ឡោះ ស្នងការរង ទទួលការងារព្រហ្មទណ្ឌ បានឲ្យដឹងថា៖កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យខាងលើក្រោយពីទទួលបណ្តឹងពីប្រជាពលរដ្ឋ១០នាក់នៅភូមិឃុំជាមួយជនសង្ស័យ ថា ឈ្មោះ ស៊ុម យ៉ុង បានជំពាក់លុយ ពួកគាត់មិនព្រមសង ជំពាក់ប្រាក់ ម្នាក់ៗជិត១០ឆ្នាំ មកហើយ និងប្រជាពលរដ្ឋរាយការណ៍ទៀតថានៅពេលពលរដ្ឋទៅទាប្រាក់ជនសង្ស័យមានកាំភ្លើងគំរាមគំហែងប្រជាពលរដ្ឋទៀតផង។
លោកស្នងការរងបានប្រាប់ឱ្យដឹងទៀតថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋបែបនោះហើយ លោកក៏បានសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ស្នងការ អាត់ ខែម និងលោកព្រះរាជងអាជ្ញាអមសាលាដបូងខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលក៏បានចុះទៅឆែកឆេរផ្ទះជនសង្ស័យនៅចំណុចខាងលើ ហើយបានរកឃើញកាំភ្លើង២ដើម ធុន AK ១ដើមនិងធុន CKC ១ដើម គ្រាប់ចំនួន៣៧គ្រាប់ បង់ចំនួន២និងថ្នាំញៀន៥គ្រាប់។នៅពេលនោះកម្លាំងនគរបាលក៏បានឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ។
ក្រោយពីសាកសួរជនសង្ស័យរូបនេះរួចហើយ កម្លាំងនគរបាលក៏បានឈានទៅធ្វើការឆែកឆេរផ្ទះបក្ខពួកជនសង្ស័យម្នាក់ទៀតឈ្មោះឡៃ រស់នៅភូមិឃុំជាមួយគ្នា សមត្ថកិច្ចក៏ បានរកឃើញដកហូតអាវុធ០១ដើមទៀតធុន AK47 គ្រាប់ចំនួន៥គ្រាប់ និងបង់គ្រាប់ចំនួន ១ ផងដែរ។ចំណែម្ចាស់ឈ្មោះ ឡៃបានរត់គេចខ្លួនបាត់នៅមុនសមត្ថកិច្ចទៅដល់ផ្ទះជនរូបនោះ។
លោកស្នងការរងបានបញ្ជាក់ឱ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ស៊ុម យ៉ុង បានសារភាពថា រូបគេអតីតជាជាទាហានខ្មែរក្រហម ។លុះក្រោយពីធ្វើសមាហរណកម្មរួចមក រូបគេក៏ឈប់ធ្វើជាទាហាន មកធ្វើជាពលរដ្ឋប្រកបមុខរបរជាធម្មតា ។កាំភ្លើង៣ដើមខាងលើរូបគេនិងបក្ខពួកម្នាក់ទៀតរក្សាទុកចាប់តាំងពីសម័យពួកគេធ្វើជាទាហានខ្មែរក្រហម ដើម្បីទុកការពារភូមិប៉ុណ្ណោះគ្មានបំណងយកទៅធ្វើសកម្មភាពប្លន់នោះឡើយ។
សូមបញ្ជាក់ថាការរក្សាទុកអាវុធគ្មានតួនាទីប្រើប្រាស់ និងគ្មានការអនុញ្ញាតពីច្បាប់ចាត់ទុកថាជាអំពើខុសច្បាប់ ។ បើទោះបីមិនបានយកអាវុធទៅធ្វើសកម្មភាពអ្វីក៏ដោយ ។ជនសង្ស័យឈ្មោះស៊ុម យ៉ុងបានរងការចោទពីបទរក្សាទុកអាវុធខុសច្បាប់ អនុវត្តខុសនិងគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងរងការចោទប្រកាន់មួយករណីទៀតពីបទរំលោភលើសេចក្តីទំនុកចិត្ត(ជំពាក់ប្រាក់ប្រជាពលរដ្ឋ) ជនសង្ស័យនិងវត្ថុតាង នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់៕ សំ វិច្ឆិកា