ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែងក្នុងខ្ទមក្បែព្រៃរនាមយ៉ាងរន្ធត់ និងម្នាក់ទៀតបានរងរបួសធ្ងន់ ខណៈជនរងគ្រោះទាំង ២នាក់នាំគ្នាចូលជ្រកភ្លៀងលាយឡាំដោយខ្យល់ផ្គររន្ទះ ។
ហេតុការណ៍ខាងលើបានបានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ និង០០នាទី រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចខ្ទមដេកកង្វាលសត្វក្របីគោក្បែបឹងមាត់ព្រៃរនាមក្រោម ស្ថិតក្នុងភូមិទួលគូរ ឃុំត្នោតជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី លីវ សេងហុីម អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកណ្តៀងបានឲ្យដឹងថា ជនរងគ្រោះត្រូវគេឈ្មោះ នួន ពុទ្ធលី ភេទប្រុស អាយុ ២១ឆ្នាំ សញ្ជាតិខ្មែរ មានទីលំភូមិត្រាំពែ ឃុំស្នាមព្រះ ស្រុកបាកាន និងជនរងរបួលម្នាក់ទៀតឈ្មោះ ស្រស់ ប៉េង ភេទប្រុស អាយុ ១៤ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិគៀន ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រីបន្តថា ជនរងគ្រោះរបួស និងស្លាប់ដោយសារគ្រោះធម្មជាតិខាងលើ ខណៈដែលពួកគេបាននាំគ្នាទៅកង្វាលសត្វពាហនៈ(ក្របី.គោ)នៅទីនោះ ហើយនៅថ្ងៃកើតហេតុមានភ្លៀងធ្លាក់ ១មេយ៉ាងធំលាយឡាំដោយខ្យល់ផ្គររន្ទះ គ្រានោះពួកគេបាននាំគ្នាចូលជ្រកភ្លៀងក្នុងកន្លែងស្នាក់នៅ(ខ្នម) ក៍ស្រាប់តែមានភ្នែកបន្ទោលខ្វាសៗក៍រន្ទះបាញ់គ្រាំងបណ្ដាលឲ្យរបួស និងស្លាប់បែបនេះតែម្តង លុះមេឃរាំងភ្លៀងមានអ្នកស្នាក់នៅក្នុងខ្ទមក្បែគ្នាបានស្រែកហៅ ប៉ុន្តែមិនឮឆ្លើយសោះក៍មានការសង្ស័យទើបនាំគ្នាដើរមកមើលឃើញរដូករណេលបែបនេះ ទើបបង្កការភ្ញាក់ផ្អើលកើតឡើងចាត់ចែងបញ្ជូនជនរងរបួសមកព្យាបាល(បានធូស្រាលហើយ) និងអ្នកស្លាប់យកមកលំនៅដ្ឋានដើម្បីចាត់ចែងតាមនីតិវិធីតែម្តង។
លោក អធិការនគរបាលស្រុកបន្តទៀតថា ក្រោយកើតហេតុ និងបានទទួលព័ត៌មានខាងលើនេះ បានចាត់ចែងកម្លាំងជំនាញសហការគ្នា ចុះមកស្រាវជ្រាវ និងធ្វើការពិនិត្យជាក់ស្តែងដើម្បីចាប់យកវត្ថុតាងនានា ប៉ុន្តែលទ្ធផល ពុំមានស្លាកស្នាមអ្វីជាប់ពាក់ព័ន្ធគួរឲ្យសង្ស័យក្នុងករណីផ្សេងៗនោះទេ ហើយបានធ្វើកំណាត់ហេតុប្រគល់សាកសព និងជនរងរបួសជូនសាច់ញាតិ ៕ បឹុម ពិន
...