ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីម្នាក់ដែលជាគេស្គាល់ថាជាមេតុងទីន ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន តាមដីការបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីសាកសួរពីបទឆបោក កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ។
ស្ត្រីដែលគេស្គាល់ថាជាមេតុងទីននោះ មានឈ្មោះ ខាន់ សុវណ្ណនី អាយុ៦០ឆ្នាំ មានទីលំនៅភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
យោងតាមដីការតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង លេខ ១៣៨៦ ដ.ប.ខ ចុះថ្ងៃទី៦មិថុនា ឆ្នាំ២០១៧ របស់ លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបញ្ជារអោយឈ្មោះស្រ្តីឈ្មោះខាន់ សុវណ្ណនី ចូល មកបង្ហាញខ្លួននៅសាលាដំបូងខេត្ត ។
ចំពោះការសាកសួររបស់សាលាដំបូងខេត្ត បានធ្វើឡើងតាំងពីរសៀលថ្ងៃទី២១ និងព្រឹកថ្ងៃទី២២ខែមិថុនា រហូតដល់រសៀលថ្ងៃដដែលទើបសម្រេចឃុំខ្លួនតែម្តង ។
គួរបញ្ជាក់ថា ស្ត្រីជាមេតុងទីននេះ ដែលមានកូនតុងទីនជាច្រើននាក់ភាគច្រើនជាអាជីវកនៅផ្សារលើ ដែលសមាជិកជាកូនតុងទីនទាំងអស់បានចោទប្រកាន់ថា ស្រ្តីខាន់ សុវណ្ណនី នេះបានប្រមូលប្រាក់ពីកូនអស់ជាច្រើនម៉ឺនដុល្លារ តែមិនបានបើកអោយកូននោះទេទឹកប្រាក់មានទំហំច្រើន គ្រាន់តែ៣ទៅ៣នាក់ប៉ុណ្ណោះ ទឹកប្រាក់មានប្រមាណជាង៧ ម៉ឺនដូល្លា ហើយកូនតុងទីនដែលលេងជាមួយគឺលេងរាប់សឹបនាក់ឯណោះ ។
ក្រោយពីធ្វើការសាកសួរ ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានសម្រេចធ្វើការឃុំខ្លួនស្រ្តីខាន់ សុវណ្ណនីដែលជាមេតុងទីន ដាក់ពន្ធនាគាជាបណ្តោះអាសន្ន រង់ចាំធ្វើការស្រាវជ្រាវ និង ស៊ើបអង្កេតបន្ត ៕ ចន្ថា