ក្រុងប៉ោយប៉ែត ៖ ផ្ទះឈើប្រក់ស័ង្កសីមានទំហំបណ្តោយ១០ម៉ែត្រ និងទទឹង៩ម៉ែត្រត្រូវអគ្គីភ័យឆាបឆេះផ្ទះអស់ទាំងស្រុង ខូចខាតទ្រព្យសម្បត្តិគ្មានសល់បង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២៥នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ឋិតនៅភូមិគាប សង្កាត់ទឹកផ្លា ក្រុងសិរីសោភ័ណ ។
សមត្ថកិច្ចប្រាប់ថា ម្ចាស់ផ្ទះដែលអគ្គីភ័យឆាបឆេះផ្ទះមានឈ្មោះ យី ម៉ៅ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបបរត់តាក់ស៊ី ចំណែកប្រពន្ធឈ្មោះ ឌី គន្ធី អាយុ៣៥ឆ្នាំ មុខរបបកម្មកររោងចក្រកាត់ដេរ មានកូន២នាក់រស់នៅភូមិកើតហេតុ ។
សមត្ថកិច្ចបញ្ជាក់ថាអគ្គីភ័យឆាបឆេះនេះម្ចាស់ផ្ទះប្តីចេញទៅរត់តាក់ស៊ី ចំណែកប្រពន្ធចេញទៅធ្វើការរោងចក្រកាត់ដេររីឯកូន២នាក់ទៀតទៅរៀនដោយចាកសោរផ្ទះចោល ស្រាប់តែអគ្គីភ័យបានកើតឡើងឆេះចេញពីផ្ទះខាងលើរយៈពេលជាង១០នាទីភ្លើងឆាបឆេះអស់ស្ទើរទាំងស្រុង ។
នៅពេលអគ្គីភ័យឆាបឆេះផ្ទះរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងរបស់ស្នងការដ្ឋាននគបាលខេត្តបន្ទាយមានជ័យបានជួយធ្វើការអន្តរាគមន៍ដែរតែអគ្គីភ័យឆាបឆេះផ្ទះនិងទ្រព្យសម្បត្តិអស់ទាំងស្រុងនៅក្នុងហេតុការណ៏នោះមិនបណ្ដាលឧ្យគ្រោះថ្នាក់ដល់អ្នកស្រុកឬម្ចាស់ផ្ទះឡើយ ហើយក៏មិនរាលដាល ឆាប់់ឆេះដល់ផ្ទះប្រជាពលរដ្ឋរស់នៅជិតនោះដែរដោយមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការខេត្តជួយពន្លតទាន់ពេល។
ប្រភពថា អគ្គីភ័យដែលឆាបឆេះខាងលើនេះគឺតាមការសន្និដ្ឋានជំហានដំបូងមកពីទុស្សេខ្សែរភ្លើងបណ្តាលឱ្យឆាបឆេះកើតឡើងខូចខាតផ្ទះឈើប្រក់ស័ង្កសីមានទំហំបណ្តោយ១០ម៉ែត្រ និងទទឹង៩ម៉ែត្រ ស្រូវអស់៤០បាវ រួមទាំងទ្រព្យទាំងស្រុងតែម្តង ៕ វណ្ណា